ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​អតីត​ទណ្ឌិត បាន​ឡើង​ស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ! លោក ឈូក បណ្ឌិត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ពី​វរមន្ត្រី ថ្នាក់​លេខ​៣ មកជា​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ក្រសួងមហាផ្ទៃ

​អតីត​អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង គឺ​លោក ឈូក បណ្ឌិត ដែល​ក្លាយជា​ទណ្ឌិត តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ របស់​តុលាការ​កំពូល ផ្តន្ទាទោស ដាក់ពន្ធនាគារ​កំណត់ ១៨​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់ ចំនួន ៣៨​លាន​រៀល ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី ជា​កម្មការិនី​រងគ្រោះ ចំនួន​៣​នាក់ បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង Kao Way ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បាវិត នោះ ឥឡូវនេះ ទទួល​បានការ​និយ័តកម្ម​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់ ពី​វរមន្ត្រី ថ្នាក់​លេខ​៣ មកជា​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣២២/២៤៣ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ កន្លងទៅ ។

​គួរ​រម្លឹក​ជូន​ថា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២​កន្លងទៅ លោក ឈូក បណ្ឌិត អតីត​អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១០ ត្រូវបាន​ស្ថាប័ន​តុលាការ ចោទប្រកាន់ និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់ ១៨​ខែ និង​បង្គាប់​ឲ្យ​បង់ប្រាក់ ចំនួន​៣៨​លាន​រៀល ដល់​កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង Kao Way ចំនួន​៣​នាក់ ជាដើម​បណ្តឹងរដ្ឋប្បវេណី ដែល​ត្រូវ​លោក ឈូក បណ្ឌិត បាញ់ប្រហារ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ សឹង​បាត់​បង់ជីវិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បាវិត ។

​សាលាដំបូង​ខេត្តស្វាយរៀង បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឈូក បណ្ឌិត តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣ ប៉ុន្តែ​បាន​ត្រឹម « ចាប់ខ្យល់ » រហូតដល់​ពិរុទ្ធជន ឈូក បណ្ឌិត ក្លាយជា​ទណ្ឌិត តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ របស់​តុលាការ​កំពូល នា​ចុងឆ្នាំ​២០១៤ ។ លុះដល់​សំណុំ​រឿងក្តី « ផ្អើល » ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ទណ្ឌិត ឈូក បណ្ឌិត ចូលខ្លួន​មក​សារភាព នា​ខែសីហា ឆ្នាំ​២០១៥ ដើម្បី​អនុវត្ត​ទោស នៅក្នុង​ពន្ធនាគារ ។

​ទណ្ឌិត ឈូក បណ្ឌិត បាន​អនុវត្ត​ទោសទណ្ឌ​ចប់សព្វគ្រប់ នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​ទណ្ឌិត​រូបនេះ មិន​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នោះឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.