ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ឧកញ៉ា បាន​ដី​បឹង ជា​កម្មសិទ្ធិ ! ឧកញ៉ា និង​ជា​នាយទាហាន ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​បឹង​តា​មោក ( បឹង​កប់​ស្រូវ ) ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ​

​លោក ព្រាប សុវត្ថិ ដែល​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា និង​ក៏មាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ម្នាក់​ផង ព្រមទាំង​ក្រោយមក ក៏​ទទួលបាន​គោរមងារ​ជា ឧកញ៉ា នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់​ផ្ទៃដី ចំនួន​៤​ទីតាំង ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ​សរុប ២៩ ៨១៤​ម៉ែត្រក្រឡា ចេញពី​ផ្ទៃ​បឹង​តា​មោក ( បឹង​កប់​ស្រូវ ) ធ្វើ​អនុ​ប​យោគ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម ជូន​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ ៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២ ។

​បើ​គិត​តាម​កាលបរិច្ឆេទ​ជាក់ស្តែង គឺ​លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​ផ្ទៃ​បឹង​តា​មោក ( បឹង​កប់​ស្រូវ ) ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ នោះ គឺ​នៅ​មុនពេល​រូបលោក ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា ។

​មិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក ( បឹង​កប់​ស្រូវ ) ទំហំ​ជិត​៣​ហិកតា ជា​កម្មសិទ្ធិ ពី​រាជរដ្ឋាភិបាល​កម្ពុជា នោះ​នៅឡើយ​ទេ ។

​ក្រៅពី​ជា​អ្នកចម្រៀង និង​ជា​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​លោក ព្រាប សុវត្ថិ អាយុ​៤៧​ឆ្នាំ ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) ដែល​តែងតែ​ជួយ​ឃោសនា​រក​សំឡេងឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាងសកម្ម​នៅ​រៀងរាល់​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ម្តងៗ ។ លោក ព្រាប សុវត្ថិ ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២២/៤៤៣ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ ។

​កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០​កន្លងទៅ លោក​វរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរង​ការិយាល័យ​ទី​៥ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ធ្លាប់បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន ចំនួន ៤០០ ០០០ ( សែសិប​ម៉ឺន ) រៀល ចំនួន ០៦ ( ប្រាំមួយ ) ខែ គិត​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២០ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ( COVID-19 ) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.