ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ទីបំផុត គឺ​ចប់ ! ប៉េអឹម​ផ្ទៃ​ប្រទេស ប្រកាស​បិទ​បញ្ចប់​សំណុំរឿង​មេ​ប៉េអឹម​ខេត្តស្ទឹងត្រែង ដែល​រង​ការប្តឹង​ចោទប្រកាន់ថា ប្រើ​អំណាច​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ និង​ឃាត់ខ្លួន​មនុស្ស​គ្មាន​ដីកា​តុលាការ ហើយ

​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​នេះ មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​ការបិទ​បញ្ចប់​សំណុំរឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដែល​រង​ការប្តឹង​ពី​សំណាក់​បុរស​ម្នាក់​ឈ្មោះ ជា វុទ្ធី ចោទប្រកាន់ថា ប្រើ​អំណាច​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ និង​ឃាត់ខ្លួន​មនុស្ស​ដោយ​គ្មាន​ដីកា​តុលាការ ប្រ​ព្រឹទ្ធ​ទៅ​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០២២ នោះ​ហើយ ។​

​គួរ​រម្លឹក​ជូន​ថា កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ មាន​បុរស​ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ ជា វុទ្ធី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បានដាក់​ពាក្យបណ្តឹង​គោរព​ជូន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​លោក​វរសេនីយ៍ ភុយ ខ្វៃ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចោទប្រកាន់​ពីបទ​ប្រើ​អំណាច និង​តួនាទី សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ និង​ឃាត់ខ្លួន​មនុស្ស ( សាមី​បណ្តឹង ) ដោយ​គ្មាន​ដីកា​តុលាការ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។​

​លើសពីនេះ នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២ លោក ជា វុទ្ធី ក៏បាន​ដាក់ពាក្យ​បណ្តឹង​គោរព​ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដោយ​ប្តឹង​ចោទប្រកាន់​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី ផងដែរ ។​

​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត នៃ​ព្រឹទ្ធសភា ក៏បាន​ចេញ​លិខិត​លេខ ៣១/០៨២២/​គ​.​ស​.​ម​.​អ​.​ព ជម្រាបជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្នើ​ឲ្យ​មានការ​ពិនិត្យ និង​ដោះស្រាយ​ទៅលើ​ករណី​បណ្តឹង​របស់លោក ជា វុទ្ធី ដែល​បាន​ដាក់ជូន​មក​ព្រឹទ្ធសភា តាម​ការគួរ ។​

​លោក​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) អៀង វ៉ាន់ឌី នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៣៥៧៩១ មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ( ផ្កាយ​១ ) ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤១៤/៤៩០ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.