ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​លើកលែងទោស​ឲ្យ​មេខ្លោង​ឃាតក ! បុរស​ជា​ប្តី រួម​ដៃ​ជាមួយ​ស្រី​កំណាន់ ដែល​សម្លាប់​ប្រពន្ធ​-​កូន​ខ្លួនឯង ទទួលបាន​ការលើកលែង​ទោស មុន​ទោស​ជាប់គុក​ត្រូវ​បញ្ចប់​

​បុរស​ឈ្មោះ ស៊ី លូ​ហេង​ឡុង ត្រូវជា​ប្តី​របស់​ស្ត្រី​ឈ្មោះ គួ លី​ជូ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម ដ៏​កក្រើក និង​ភ្ញាក់ផ្អើល​ពី​អតីតកាល ដោយ​ប្តី​អប្រិយ រួម​ដៃ​ជាមួយ​ស្រី​កំណាន់​វ័យក្មេង​ឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍​ អារ​.​ក សម្លាប់​ប្រពន្ធ​-​កូន​ខ្លួនឯង នា​រាត្រី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​កន្លងទៅ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម នៅលើ​ពូក ក្នុងផ្ទះ​ជាន់​ទី​១ ផ្លូវ​លេខ​៦៤៥ ភូមិ​ដើម​មក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួច​ក្លាយជា​ទណ្ឌិត​នោះ ទទួលបាន​ការលើកលែង​ទោស​ជា​ស្ថាពរ​ហើយ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨២០/៨៥៩ ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ ។ មានន័យថា ទណ្ឌិត​ឈ្មោះ ស៊ី លូ​ហេង​ឡុង ទទួលបាន​សេរីភាព​ចាក​ចេញពី​ការអនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ តាំងពី​ប្រមាណ​២​ឆ្នាំមុន​មកម្ល៉េះ ខណៈ​កម្រិត​ទោសទណ្ឌ ត្រូវផុត​នៅ​ឆ្នាំ​២០២៤​ខាងមុខ ។

​មុនពេល​ក្លាយខ្លួនជា​មេខ្លោង​ឃាតក​ចិត្ត​អប្រិយ រួម​ដៃ​ជាមួយ​ស្រី​កំណាន់ សម្លាប់​ប្រពន្ធ​-​កូន​ខ្លួនឯង ( កូន​នៅក្នុង​ផ្ទៃ​អាយុ​០៣​ខែ ) និង​ធ្វើ​ឲ្យ​កូនប្រុស​អាយុ​១​ឆ្នាំ ០២​ខែ ម្នាក់​ក្នុងបន្ទុក ( អាយុ​នៅពេល​កើតហេតុ ) កំព្រាម្តាយ គឺ​បុរស​ឈ្មោះ ស៊ី លូ​ហេង​ឡុង អាយុ​៣២​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​ត្រូវជា​កូនប្រុស​របស់​ថៅកែ​ក្រុមហ៊ុន​សំណង់ ម្នាក់​ផង ខណៈ​ស្រី​កំណាន់​វ័យក្មេង​របស់ខ្លួន ដែល​ក្លាយជា​ឃាត​កដៃ​ឆៅ អាយុ​២៣​ឆ្នាំ ( អាយុ​នៅពេល​កើតហេតុ ) ក៏មាន​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ដែរ ( មេខ្លោង​ឃាតក និង​ឃាត​កដៃ​ឆៅ​នេះ មាន​ទំនាក់ទំនង​គ្នា​តាំងពី​អំឡុង​ចុងឆ្នាំ​២០០៩​មកម្ល៉េះ ) ។

​ទាំង​បុរស​មេខ្លោង​ឃាតក ទាំង​ស្ត្រី​ជា​ឃាត​កដៃ​ឆៅ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ ( ក្រោយពេល​កើតហេតុ​រយៈពេល​០៣​ថ្ងៃ ) ហើយ​ក៏បាន​បញ្ជូន​សំណុំរឿង និង​វត្ថុតាង នៃ​បទល្មើស ( ប្រា​ក់ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ខ្សែដៃ​ប្លា​ទីន​ដាំ​ត្បូង​ពេជ្រ​១​ខ្សែ ចិញ្ចៀន​ប្លា​ទីន​២​វង់ ខ្សែក​មាស​ខ្សែ និង​ម៉ូតូ​មួយគ្រឿង ) ទៅ​ស្ថាប័ន​តុលាការ​មាន​សមត្ថកិច្ច ។

​ស្ថាប័ន​តុលាការ បាន​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ទៅលើ​បុរស​ជា​មេខ្លោង​ឃាតក​ឈ្មោះ ស៊ី លូ​ហេង​ឡុង ដាក់ពន្ធនាគារ​កំណត់​១១​ឆ្នាំ ដែល​ក្លាយជា​ទណ្ឌិត តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ ៦៣ « ក្រ​II​ប » ចុះ​ថ្ងៃទី​១៧ ខែម​ថុ​នា ឆ្នាំ​២០១៦ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ។

​សង្ឃឹមថា បន្ទាប់ពី​ជាប់ឃុំ​ខ្លួន​អនុវត្ត​ទោស​អស់​រយៈពេល​ប្រមាណ​០៧​ឆ្នាំ ក្នុងចំណោម​ទោសទណ្ឌ​កំណត់​១១​ឆ្នាំ និង​ក្រោយ​ទទួលបាន​ការលើកលែង​ទោស​ជា​ស្ថាពរ​នោះ គឺ​បុរស​ឈ្មោះ ស៊ី លូ​ហេង​ឡុង នឹង​ភ្ញាក់រលឹក​ធ្វើការ​កែប្រែ​ខ្លួន ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​ឡើងវិញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.