ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ដល់​វគ្គ​ធ្លាក់កូដ ? នាយទាហាន សាន្ត ប៊ុនធឿន ដែល​ល្បីឈ្មោះ​ក្នុង Facebook ជាមួយនឹង ABC Beer ត្រូវបាន​នាយករដ្ឋមន្ត្រី បង្គាប់​ឲ្យ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​វិញ​ហើយ

​នៅ​ថ្ងៃអាទិត្យ ទី​២១ ខែសីហា ឆ្នាំ​២០២២​នេះ តាមរយៈ Page Facebook សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន Post ប្រកាស​សង្កត់ធ្ងន់​ឲ្យ​ដឹងថា ចរិត​របស់លោក សាន្ត ប៊ុនធឿន គឺ​ពាល មិនអាច​កែប្រែ​បានឡើយ ហើយ​ក៏បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​អង្គរក្ស ស្នើសុំ​បណ្តេញ​លោក សាន្ត ប៊ុនធឿន ចេញពី​ក្របខ័ណ្ឌ​កងទ័ព ។

​គួរបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បានធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​លេខ ៤៨៨/២០២២​ស​.​ណ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​លុបឈ្មោះ​លោក​វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ និង​លោក​អនុសេនីយ៍ឯក ហ៊​ត ប៉ូ អត្តលេខ ១៦៦០៧៨ ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ហើយក៏​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើ​ចំណារ ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២​នេះ មាន​ខ្លឹមសារ​ថា « -​យល់ព្រម​, -​សូម​សម្តេច ទៀ បាញ់ បំពេញបែបបទ​បណ្តេញចេញ​ជាបន្ទាន់ » ។

​បន្ទាប់ពី​ល្បីឈ្មោះ​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម Facebook និង​បន្ទាប់ពី​មានគុណ​សម្បត្តិ​ក្នុងការ​បម្រើ​ការងារ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) គឺ​លោក សាន្ត ប៊ុនធឿន ដែលជា​អ្នក​ចូលចិត្ត​ក្លែមស្រា​បៀរ ABC បង្ហោះ​តាម Facebook ត្រូវបាន​សម្តេច​ពិជ័យ​សេនា នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្រេច​បញ្ចូល​ក្របខ័ណ្ឌ និង​ប្រគល់​ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ត្រី នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ ១៧០២៤៨ និង​ជា​ជំនួយការ​បញ្ជាការដ្ឋាន​អង្គរក្ស អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ ។

​ក្រៅពី​ចេះ​សម្តែង​សឹង​គ្រប់យ៉ាង​តាម Facebook គឺ​លោក សាន្ត ប៊ុនធឿន ដែល​គេ​តែង​ហៅថា អ្នកកាសែត​ក្នុង Facebook នោះ ចាប់ផ្តើម​ល្បីឈ្មោះ​ខ្លាំង​បន្ទាប់ពី​លេចចេញ​មាន​ឆាកល្ខោន​ស្ត្រី​ម្នាក់​ឈ្មោះ ធី សុវណ្ណ​ថា ប្តឹងផ្តល់​កាលពី​អំឡុង​ឆ្នាំ​២០១៧ ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រោយមក ក៏បាន​សម្របសម្រួល​គ្នា​ដណ្តើមបាន​ភាព​ល្បីឈ្មោះ​រៀងៗ​ខ្លួន ។

​គេ​មិនទាន់​បានដឹង​ប្រាកដ​ជាមុន​ថា តើ​លោក សាន្ត ប៊ុនធឿន និង​ប្រើប្រាស់​វប្បធម៌ « សុំទោស » សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ « អំពើ​របស់ខ្លួន »​ដើម្បី​រក្សា​សេចក្តីសុខ​តទៅទៀត ឬ​យ៉ាងណា​នោះ​នៅឡើយ​ទេ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.