ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

ទៅរួច ឬទេ ? ផ្កាយ១ មេប៉េអឹមខេត្តស្ទឹងត្រែង រងការប្តឹងចោទប្រកាន់ថា ប្រើអំណាចសម្លុតគំរាមកំហែងប្រជាពលរដ្ឋ និងឃាត់ខ្លួនមនុស្សដោយគ្មានដីកាតុលាការ

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ មានបុរសជនជាតិខ្មែរម្នាក់ឈ្មោះ ជា វុទ្ធី អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំ-ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានដាក់ពាក្យ​បណ្តឹងគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយប្តឹងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកវរសេនីយ៍ ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចោទប្រកាន់ពីបទប្រើអំណាច និងតួនាទី សម្លុតគំរាមកំហែងប្រជាពលរដ្ឋ និងឃាត់ខ្លួនមនុស្ស ( សាមីបណ្តឹង ) ដោយគ្មានដីកាតុលាការ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។

លើសពីនេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោក ជា វុទ្ធី ក៏បានដាក់ពាក្យបណ្តឹងគោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ នៃអគ្គ​បញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយប្តឹងចោទប្រកាន់ទៅលើលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ផងដែរ ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ក៏បានចេញលិខិតលេខ ៣១/០៨២២/គ.ស.ម.អ.ព ជម្រាប​ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីស្នើឲ្យ​មានការពិនិត្យ និងដោះស្រាយទៅលើករណីបណ្តឹងរបស់លោក ជា វុទ្ធី ដែលបានដាក់ជូនមកព្រឹទ្ធសភា តាមការគួរ ។

គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ គេហទំព័រសារព័ត៌មាន ដើមត្នោត មិនទាន់បានដឹងអំពីលទ្ធផលនៃការដោះស្រាយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា រាយការណ៍ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក៏មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ជា វុទ្ធី នោះនៅឡើយទេ ។

លោកវរសេនីយ៍ឯក ( ស័ក្តិ៥ ) អៀង វ៉ាន់ឌី នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​ ០៣៥៧៩១​ មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៩០ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.