ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ត្រៀម ដោយ​ប្រុងប្រយ័ត្ន​ជានិច្ច ! អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ការពារ​មី​ស៊ី​ល​ផ្លោង រួមគ្នា ទប់ទល់​នឹង​ចិន និង​កូរ៉េខាងជើង

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​មន្ទីរ​បញ្ច​កោណ ( Pentagon ) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២​កន្លងទៅ សហរដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ​យោធា​ការពារ​មី​ស៊ី​ល និង​បាញ់​ផ្លោង​មី​ស៊ី​ល រួមគ្នា រយៈពេល​មួយ​សប្តាហ៍ មានឈ្មោះថា នាគប៉ាស៊ីហ្វិក ( The Pacific Dragon ) ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​សភាពការណ៍​បច្ចុប្បន្ន ជាមួយ​កូរ៉េខាងជើង និង​ប្រទេស​ចិន ។

​សេចក្តីថ្លែងការណ៍​រប​ស់​មន្ទីរ​បញ្ច​កោណ បានបញ្ជាក់​ឲ្យ​ដឹងថា ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​របស់​ប្រទេស​ទាំងបី ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​០៨ ខែសីហា ដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ នៅ​ឆ្នេរ នៃ​រដ្ឋ​ហា​វ៉ៃ ( Hawaii ) សហរដ្ឋអាមេរិក នេះ គឺ​ដើម្បី​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងបី ក្នុងការ​ឆ្លើយ​បត​ចំពោះ​បញ្ហា​ប្រឈម​ជាមួយ​កូរ៉េខាងជើង ការការពារ​សន្តិសុខ​រួមគ្នា និង​ការពង្រឹង​សណ្តាប់ធ្នាប់​អន្តរជាតិ ផ្អែកលើ​ច្បាប់​ជា​មូលដ្ឋាន ។ លើសពីនេះ យោធា នៃ​ប្រទេស​ទាំងបី បាន​ចែករំលែក​ព័ត៌មាន​ភ្ជាប់​នឹង​ទិន្នន័យ​យុទ្ធសាស្ត្រ​រួមគ្នា​ទៅវិញទៅមក ស្របតាម​កិច្ចព្រមព្រៀង​ត្រីភាគី ផងដែរ ។

​សភាពការណ៍​បច្ចុប្បន្ន គឺ​ប្រទេស​ចិន បានធ្វើ​សមយុទ្ធ​យោធា​ច្រើនលើកច្រើនសា នៅក្បែរ និង​ហ៊ុំព័ទ្ធ​ដែន​កោះ​តៃវ៉ាន់ ខណៈ​កូរ៉េខាងជើង តែងតែ​ធ្វើតេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់ខ្លួន​ម្តង​ហើយ​ម្តងទៀត បង្ក​ការគំរាមកំហែង​នៅក្នុង​តំបន់ ។

​គួរបញ្ជាក់​ជូន​ថា ក្រៅពី​អាវុធ​មី​ស៊ី​ល​វាយលុក ដ៏​ច្រើន​ប្រភេទ រួមទាំង​មី​ស៊ី​ល​ផ្លោង​បាញ់​ឆ្លង​ទ្វីប ( ICBM ) ផង​របស់​សហរដ្ឋអាមេរិក គឺ​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េខាងត្បូង បានដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល ច្រើន​ប្រភេទ​រួចហើយ​ដែរ ដូចជា មី​ស៊ី​ល Patriot មី​ស៊ី​ល THAAD មី​ស៊ី​ល SM-3 និង​មី​ស៊ី​ល SM-6 ( Standard Missile-6 ) ជា​ផ្នែក​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ធុន Aegis ដ៏​មាន​ឥទ្ធិពល ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.