ថ្ងៃ សៅរ៏ ទី ០១ ខែ តុលា ឆ្នាំ ២០២២

ICC កប់យោបល់ ? បុរស​ខ្លាំង Rodrigo Duterte អតីត​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​មិន​សហការ​ជាមួយ ICC ដាច់ខាត លើ​ការស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​សង្គ្រាម​គ្រឿងញៀន

​ទីភ្នាក់ងារសារព័ត៌មាន AFP ដោយ​ដកស្រង់​ពី​ប្រភព​មេធាវី​របស់លោក Rodrigo Duterte អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា លោក Rodrigo Duterte នឹងមិន​សហការ​ជាមួយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ( ICC ) លើ​ការស៊ើបអង្កេត​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ឡើយ ដោយ​អតីត​ប្រធានាធិបតី​ហ្វីលីពីន រូបនេះ បាន​អះអាងថា ICC មិនមាន​យុត្តាធិកា​នៅក្នុង​ប្រទេស​ហ្វីលីពីន ទេ ។

​លោក Salvador Panelo មេធាវី​របស់លោក Rodrigo Duterte បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ថា « លោក Duterte មិន​សហការ​តាំងពី​ដំបូង នៅពេលដែល​ទីក្រុង​ម៉ានីល បានសម្រេច​ដកខ្លួន​ថយ​ចេញពី​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ។ ដូច្នេះ ICC លែងមាន​យុត្តាធិកា​លើ​ប្រទេស​ហ្វីលីពីន ទៀតហើយ ។ រដ្ឋាភិបាល​ហ្វីលីពីន នឹងមិន​អនុញ្ញាត​ឲ្យ​សមាជិក ICC ណា​ម្នា​ក់មក​ធ្វើការ​ប្រមូល​ព័ត៌មាន និង​ព័ស្តុតាង​ក្នុងប្រទេស​របស់ខ្លួន​ឡើយ ហើយ​សមាជិក ICC នឹងត្រូវ​ហាមឃាត់​ការធ្វើដំណើរ​ចូលមក​ប្រទេស​ហ្វីលីពីន តែម្តង ។ » ។

​ប្រតិកម្ម​របស់លោក Rodrigo Duterte អតីត​ប្រធានាធិបតី​ហ្វីលីពីន តបត​ទៅនឹង​សកម្មភាព​របស់ ICC បែបនេះ គឺ​បាន​កើតមានឡើង​បន្ទាប់ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ( International Criminal Court-ICC ) បានអនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​លើ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន របស់លោក Rodrigo Duterte ។

​លោក Rodrigo Duterte អាយុ​៧៧​ឆ្នាំ ដែលជា​មេធាវី​ម្នាក់​ផង បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ រហូតមកដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។ លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន រូបនេះ​បានធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង ទៅលើ​កណ្តាប់ដៃ​ដែក​របស់លោក នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន ដែល​គិត​ចាប់ពី​ពេល​លោក​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០១៦ មកដល់​ពេល​ចប់​ពីមុខ​តំណែង​ក្នុង​ឆ្នាំ​២០២២ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៦ ១៨១​នាក់ ត្រូវបាន​សម្លាប់ ៕​

Filed in: Feature, តុលាការ, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.