ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំ ២០២២

​ចោទ​ទាំងពីរ​រឿង ! លោក សុន ឆ័យ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ក្រោម​ទម្ងន់ នៃ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប

​កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ទៅលើ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ( CLP ) ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ ២០២២ តាម​បញ្ញត្តិ​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ក្រោម​ទម្ងន់ នៃ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ( CPP) តំណាង​ដោយ​ឯកឧត្តម មេធាវី គី តិច ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ និង​បណ្តឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប – NEC ) តំណាង​ដោយ​ឯកឧត្តម ឌឹ​ម សុ​វណ្ណា​រុំ សមាជិក គ​.​ជ​.​ប និង​ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ តាម​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់​លេខ ១១៩ អយខ និង​លេខ ១២០ អយខ ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២២ ។​

​ពាក្យបណ្តឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា និង គ​.​ជ​.​ប បាន​កើតមានឡើង​បន្ទាប់ពី​លោក សុន ឆ័យ ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​ក្រៅពី​ទាមទារ​ឲ្យ​មានការ​ចោទប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ការខូចខាត​ពី​លោក សុន ឆ័យ ចំនួន ៤ ០០០ លាន​រៀល និង គ​.​ជ​.​ប ទាមទារ​ឲ្យ​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស គ​.​ជ​.​ប ជា​លាយលក្ខណ៍អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ។​

​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ គឺ​ប្រសិនបើ​លោក សុន ឆ័យ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​រកឃើញ​មាន​ពិរុទ្ធ​មែន​នោះ និង​ត្រូវ​រង​ការពិន័យ​ជា​ប្រាក់ ពី ១០០ ០០០ ( មួយ​សែន ) រៀល ទៅ ១០ ០០០ ០០០ ( ដប់​លាន ) រៀល ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.