ថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

​ទីបំផុត គឺ​ចប់ ! ព្រះមហាក្សត្រ ទ្រង់​ឡាយ​ព្រ​ហស្ត​លេខា​នៅលើ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ ជា​ផ្លូវការ​ហើយ

​កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅលើ​ព្រះរាជក្រម​លេខ នស​/​រកម​/០៨២២/០០៧ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ជា​ផ្លូវការ​ហើយ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​គួរបញ្ជាក់​ជូន​ដែរ​ថា សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៦ ដែលមាន​អាសនៈ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំងមូល អនុម័ត​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នា​សម័យប្រជុំ​លើក​ទី​៧ និង​ទទួលបាន​ការពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​ទាំងស្រុង ដោយ​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២២ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ ខណៈ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០​នេះ ត្រូវបាន​គណបក្សនយោបាយ​ចំនួន​៤ នៅក្រៅ​រដ្ឋសភា ប្រកាស​នូវ​ជំហរ​មិន​គាំទ្រ​ឡើយ រួមមាន គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុ​ជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.