ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

​យក្ស បញ្ចេញ​កំហឹង ! ចិន បាញ់​មី​ស៊ី​ល​ផ្លោង​រំលង​ដែនអាកាស​តៃវ៉ាន់ ធ្លាក់ចូល​សមុទ្រ ភាគ​ឦសាន និង​និរតី នៃ​ដែន​កោះ​

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ប្រភព​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា ចិន បាន​បាញ់​ផ្លោង​មី​ស៊ី​ល​ប្រភេទ Ballistic ធ្លាក់ចូល​ទៅក្នុង​សមុទ្រ ដែលជា​តំបន់​ដែនទឹក​ភាគ​ឦសាន និង​និរតី នៃ​ដែន​កោះ​តៃវ៉ាន់ ខណៈ​ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បាន​បង្ហាញ​នូវ​រូបភាព​ពី​ចម្ងាយ នៃ​ការបាញ់​គ្រាប់​រ៉ុក្កែត ចេញពី​ឆ្នេរ​ខេត្ត​ហ្វូ​ចៀន ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ចិន ឡើង​ខ្ពស់​លើ​ផ្ទៃ​អាកាស សំដៅ​ទៅរក​ច្រក​សមុទ្រ​តៃវ៉ាន់ ។

​មន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​អះអាង​ឲ្យ​ដឹងថា មី​ស៊ី​ល​ដែល​ចិន បាន​បាញ់​ផ្លោង​ធ្លាក់ចូល​តំបន់​ដែនទឹក​ភាគ​ឦសាន និង​និរតី នៃ​ដែន​កោះ​តៃវ៉ាន់ នោះ គឺជា​ប្រភេទ​មី​ស៊ី​ល Ballistic ធុន Dongfeng ( DF Missile ) ។

​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍ Chang, Zone-Sung មេ​បញ្ជាការដ្ឋាន​ការពារជាតិ នៃ​តំបន់ Kinmen បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យ​ដឹងថា យន្តហោះ​ដ្រូ​ន ( Drone ) របស់​ចិន ជាច្រើន​គ្រឿង​បាន​ហោះ​ចូលទៅ​តំបន់​កោះ Kinmen កាលពី​រាត្រី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ ប៉ុន្តែ​ត្រូវបាន​កងកម្លាំង​យោធា​តៃវ៉ាន់ បាញ់​ផ្កាភ្លើង​ព្រមាន​តបត​វិញ​ភ្លាមៗ ធ្វើ​ឲ្យ​ក្រុម​យន្តហោះ​ទាំងនោះ​ចាកចេញ​ត្រឡប់​ទៅវិញ ។​

​សមយុទ្ធ​យោធា​ដ៏​គគ្រឹកគគ្រេង​ចំនួន​៦​គោលដៅ​របស់​ចិន ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់ ដែល​នឹងត្រូវ​បន្ត​រហូតដល់​ចុង​សប្តាហ៍​នេះ គឺ​បាន​ធ្វើឡើង​ស្របពេល​នឹង​វត្តមាន​របស់លោក​ស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ កាលពី​រាត្រី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ ។

​លោកស្រី Nancy Pelosi បានប្រកាស​នៅក្នុង​ជំនួប​រវាង​លោកស្រី និង​លោកស្រី Tsai, Ing-Wen ប្រធានាធិបតី​តៃវ៉ាន់ ឲ្យ​ដឹងថា « សហរដ្ឋអាមេរិក នឹងមិន​បោះបង់ចោល​តៃវ៉ាន់​ឡើយ ។ » ខណៈ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា តៃវ៉ាន់ គឺជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​សម្រាប់​សហរ​ដ្ឋ​អាមេរិក ហើយ​តៃវ៉ាន់ នឹងមិន​រាថយ​ឡើយ ទោះបី​ប្រឈម​នឹង​ការគំរាមកំហែង​ផ្នែក​យោធា​កាន់តែខ្លាំង​ក៏ដោយ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​យោធា​អន្តរជាតិ បាន​លើកឡើងថា មិន​ខុសពី​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង ធ្លាប់បាន​បាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន ទម្លាក់​ចូលទៅក្នុង​សមុទ្រ​ជប៉ុន នោះឡើយ គឺ​ការបាញ់​ផ្លោង​មី​ស៊ី​ល​របស់​ទីក្រុង​ប៉េកាំង ទម្លាក់​ចូល​សមុទ្រ​ដែលជា​តំបន់​ដែនទឹក​ភាគ​ឦសាន និង​និរតី នៃ​ដែន​កោះ​តៃវ៉ាន់ វា​ជា​រឿង​ធម្មតា នៅពេលដែល​ចិន បាន នឹង​កំពុង​ខឹងសម្បា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​សហរដ្ឋអាមេរិក ទៅកាន់​តៃវ៉ាន់ ។ វា​ជា​សកម្មភាព​សម្ញែង​នូវ​អំណាច​យោធា​របស់​ទីក្រុង​ប៉េកាំង ប៉ុណ្ណោះ ពោលគឺ​មហាអំណាច​ចិន មិនទាន់​ដល់ពេល​វេលា​ត្រូវ​វាយប្រហារ​ទៅលើ​តៃវ៉ាន់ ឡើយ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.