ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពក្រសួងការពារជាតិតៃវ៉ាន់ បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា ចិន បានបាញ់ផ្លោងមីស៊ីលប្រភេទ Ballistic ធ្លាក់ចូលទៅក្នុងសមុទ្រ ដែលជាតំបន់ដែនទឹកភាគឦសាន និងនិរតី នៃដែនកោះតៃវ៉ាន់ ខណៈទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានបង្ហាញនូវរូបភាពពីចម្ងាយ នៃការបាញ់គ្រាប់រ៉ុក្កែត ចេញពីឆ្នេរខេត្តហ្វូចៀន ស្ថិតនៅភាគខាងកើតប្រទេសចិន ឡើងខ្ពស់លើផ្ទៃអាកាស សំដៅទៅរកច្រកសមុទ្រតៃវ៉ាន់ ។

មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងឲ្យដឹងថា មីស៊ីលដែលចិន បានបាញ់ផ្លោងធ្លាក់ចូលតំបន់ដែនទឹកភាគឦសាន និងនិរតី នៃដែនកោះតៃវ៉ាន់ នោះ គឺជាប្រភេទមីស៊ីល Ballistic ធុន Dongfeng ( DF Missile ) ។

ដោយឡែក លោកឧត្តមសេនីយ៍ Chang, Zone-Sung មេបញ្ជាការដ្ឋានការពារជាតិ នៃតំបន់ Kinmen បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា យន្តហោះដ្រូន ( Drone ) របស់ចិន ជាច្រើនគ្រឿងបានហោះចូលទៅតំបន់កោះ Kinmen កាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ម្សិលមិញ ប៉ុន្តែត្រូវបានកងកម្លាំងយោធាតៃវ៉ាន់ បាញ់ផ្កាភ្លើងព្រមានតបតវិញភ្លាមៗ ធ្វើឲ្យក្រុមយន្តហោះទាំងនោះចាកចេញត្រឡប់ទៅវិញ ។

សមយុទ្ធយោធាដ៏គគ្រឹកគគ្រេងចំនួន៦គោលដៅរបស់ចិន ព័ទ្ធជុំវិញកោះតៃវ៉ាន់ ដែលនឹងត្រូវបន្តរហូតដល់ចុងសប្តាហ៍នេះ គឺបានធ្វើឡើងស្របពេលនឹងវត្តមានរបស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីរាត្រីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ម្សិលមិញ ។

លោកស្រី Nancy Pelosi បានប្រកាសនៅក្នុងជំនួបរវាងលោកស្រី និងលោកស្រី Tsai, Ing-Wen ប្រធានាធិបតីតៃវ៉ាន់ ឲ្យដឹងថា « សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ។ » ខណៈលោកស្រីប្រធានាធិបតីតៃវ៉ាន់ បានគូសបញ្ជាក់ឲ្យដឹងថា តៃវ៉ាន់ គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់សហរដ្ឋអាមេរិក ហើយតៃវ៉ាន់ នឹងមិនរាថយឡើយ ទោះបីប្រឈមនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងក៏ដោយ ។

មជ្ឈដ្ឋានអ្នកវិភាគកិច្ចការយោធាអន្តរជាតិ បានលើកឡើងថា មិនខុសពីទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ធ្លាប់បានបាញ់តេស្តសាកល្បងមីស៊ីលរបស់ខ្លួន ទម្លាក់ចូលទៅក្នុងសមុទ្រជប៉ុន នោះឡើយ គឺការបាញ់ផ្លោងមីស៊ីលរបស់ទីក្រុងប៉េកាំង ទម្លាក់ចូលសមុទ្រដែលជាតំបន់ដែនទឹកភាគឦសាន និងនិរតី នៃដែនកោះតៃវ៉ាន់ វាជារឿងធម្មតា នៅពេលដែលចិន បាន នឹងកំពុងខឹងសម្បាចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក ទៅកាន់តៃវ៉ាន់ ។ វាជាសកម្មភាពសម្ញែងនូវអំណាចយោធារបស់ទីក្រុងប៉េកាំង ប៉ុណ្ណោះ ពោលគឺមហាអំណាចចិន មិនទាន់ដល់ពេលវេលាត្រូវវាយប្រហារទៅលើតៃវ៉ាន់ ឡើយ ៕

