ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

​មិន​ញញើត​នឹង​ការ​សម្លុត​របស់​ចិន ! ទីបំផុត លោកស្រី Nancy Pelosi ប្រធានសភា​អាមេរិក បាន​ទៅដល់​តៃវ៉ាន់ និង​ប្រកាសថា « ​អាមេរិក មិន​បោះបង់ចោល​តៃវ៉ាន់ ​»

​នៅ​ទីបំផុត ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក បាន​ទៅដល់​តៃវ៉ាន់ ដោយ​សុវត្ថិភាព កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​០២ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ទោះបី​មានការ​គំរាមកំហែង សម្លុត និង​សម្ញែង​សមយុទ្ធ​យោធា​គគ្រឹកគគ្រេង​របស់​មហាអំណាច​ចិន ក្បែរ​តៃវ៉ាន់ ក៏ដោយ ។

​នៅក្នុង​ជំនួប​រវាង​លោកស្រី Nancy Pelosi និង​លោកស្រី Tsai, Ing-Wen ប្រធានាធិបតី​តៃវ៉ាន់ នៅ​ទីក្រុង​តៃប៉ិ លោកស្រី Nancy Pelosi បានប្រកាស​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក នឹងមិន​បោះបង់ចោល​តៃវ៉ាន់ ជាដាច់ខាត ។

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី Nancy Pelosi ដែល​បាន​គាំទ្រ​តៃវ៉ាន់ ហើយ​តៃវ៉ាន់ នឹងមិន​រាថយ​ឡើយ ទោះបី​ប្រឈម​នឹង​ការគំរាមកំហែង​ផ្នែក​យោធារ​កាន់តែខ្លាំង​ក៏ដោយ ។ លោកស្រី Tsai, Ing-Wen បាន​គូសបញ្ជាក់​បន្ថែមថា លោកស្រី Nancy Pelosi គឺជា​មិត្តភក្តិ​ដ៏​ស្មោះត្រង់​បំផុត​ម្នាក់​របស់​តៃវ៉ាន់ ដែល​បានបង្ហាញ​ការគាំទ្រ​តៃវ៉ាន់ ដោយ​មិន​ផ្លាស់ប្តូរ​ចំពោះមុខ​ឆាក​អន្តរជាតិ ។ តៃវ៉ាន់ គឺជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​សម្រាប់​សហរ​ដ្ឋ​អាមេរិក ហើយនឹង​បន្ត​ធ្វើការ​ជាមួយគ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​ខ្សែចង្វាក់​ផ្គត់ផ្គង់ ។

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Nancy Pelosi នៅ​តៃវ៉ាន់ បានបញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​០៣ ខែសីហា ឆ្នាំ​២០២២​នេះហើយៗ​លោកស្រី អាច​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន តាម​គម្រោង​ដែល​បានគ្រោង​ទុក ។

​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi នៅ​តៃវ៉ាន់ ដោយ​មិន​រាថយ​នេះ​បាន​បង្ក​ឲ្យ​មហាអំណាច​ចិន ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ក៏បាន​ចាត់ចែង​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​គគ្រឹកគគ្រេង​នៅក្បែរ​តៃវ៉ាន់ ខណៈ​តៃវ៉ាន់​បាន​ចោទប្រកាន់​ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន ថា​ជា​ការបំពានច្បាប់​អង្គការសហប្រជាជាតិ (UN) គំរាមកំហែង​ទឹកដី​របស់​តៃវ៉ាន់ និង​ប្រៀប​ដូច​ការបិទ​ខ្ទប់​ដែនអាកាស និង​ដែនសមុទ្រ​របស់​តៃវ៉ាន់ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.