នៅទីបំផុត ដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក បានទៅដល់តៃវ៉ាន់ ដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ទោះបីមានការគំរាមកំហែង សម្លុត និងសម្ញែងសមយុទ្ធយោធាគគ្រឹកគគ្រេងរបស់មហាអំណាចចិន ក្បែរតៃវ៉ាន់ ក៏ដោយ ។

នៅក្នុងជំនួបរវាងលោកស្រី Nancy Pelosi និងលោកស្រី Tsai, Ing-Wen ប្រធានាធិបតីតៃវ៉ាន់ នៅទីក្រុងតៃប៉ិ លោកស្រី Nancy Pelosi បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ ជាដាច់ខាត ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Nancy Pelosi ដែលបានគាំទ្រតៃវ៉ាន់ ហើយតៃវ៉ាន់ នឹងមិនរាថយឡើយ ទោះបីប្រឈមនឹងការគំរាមកំហែងផ្នែកយោធារកាន់តែខ្លាំងក៏ដោយ ។ លោកស្រី Tsai, Ing-Wen បានគូសបញ្ជាក់បន្ថែមថា លោកស្រី Nancy Pelosi គឺជាមិត្តភក្តិដ៏ស្មោះត្រង់បំផុតម្នាក់របស់តៃវ៉ាន់ ដែលបានបង្ហាញការគាំទ្រតៃវ៉ាន់ ដោយមិនផ្លាស់ប្តូរចំពោះមុខឆាកអន្តរជាតិ ។ តៃវ៉ាន់ គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់សហរដ្ឋអាមេរិក ហើយនឹងបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គង់ ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នៅតៃវ៉ាន់ បានបញ្ចប់នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២នេះហើយៗលោកស្រី អាចនឹងបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន តាមគម្រោងដែលបានគ្រោងទុក ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នៅតៃវ៉ាន់ ដោយមិនរាថយនេះបានបង្កឲ្យមហាអំណាចចិន ខឹងសម្បាយ៉ាងខ្លាំង ហើយក៏បានចាត់ចែងធ្វើសមយុទ្ធយោធាយ៉ាងគគ្រឹកគគ្រេងនៅក្បែរតៃវ៉ាន់ ខណៈតៃវ៉ាន់បានចោទប្រកាន់ការធ្វើសមយុទ្ធយោធារបស់ចិន ថាជាការបំពានច្បាប់អង្គការសហប្រជាជាតិ (UN) គំរាមកំហែងទឹកដីរបស់តៃវ៉ាន់ និងប្រៀបដូចការបិទខ្ទប់ដែនអាកាស និងដែនសមុទ្ររបស់តៃវ៉ាន់ ៕
