ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

​ចប់​អាជីព​នយោបាយ ចាប់​អាជីព​ចោរប្លន់ ! សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang មេបក្ស​ខ្មែរ​ក្រោក អតីត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់គុក ៩​ឆ្នាំ

​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២២​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ព្រហ្មទណ្ឌ​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដាក់ពន្ធនាគារ​កំណត់​ចំនួន ៩​ឆ្នាំ និង​បង្គាប់​ឲ្យ​រួមគ្នា​ជាមួយ​បក្ខពួក​សង​សំណង​ចំនួន ៥០០ ០០០ (​ហាសិប​ម៉ឺន​) ដុល្លារ​អាមេរិក និង​ជំងឺ​ចិត្ត​ចំនួន ២០០ ០០០ ០០០ (​ពីរ​រយ​លាន​) រៀល ទៅ​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទ​ក្លែង​ឯកសារ​សាធារណៈ ។

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ បុរស​ឈ្មោះ សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ដែលជា​មេក្លោង​រួមជាមួយ​បក្ខពួក​ចំនួន​៥​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បានធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ស្ត្រី​អ្នកលក់​ផលិតផល​តាម Online ម្នាក់​ឈ្មោះ អ៊ា​ន សៀវ​ម៉ី នៅ​រាជធានី​ភ្នំពេញ យកបាន​គ្រឿង​ពេជ្រ​មួយចំនួន រួច​គេចខ្លួន​បាត់ស្រមោល ។

​រយៈពេល​មួយថ្ងៃ​ក្រោយមក ត្រូវ​សមត្ថកិច្ច​កំណត់​មុខសញ្ញា និង​ចាប់ខ្លួនបាន​សម្បុក​ចោរប្លន់ ដែលជា​ជនសង្ស័យ​ទាំងនោះ រួច​បញ្ជូនទៅ​ឲ្យ​ស្ថាប័ន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន នា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​ការចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ក្លែង​ឯកសារ​សាធារណៈ ។

​ក្នុង​អាជីព​នយោបាយ​នៅ​កម្ពុជា លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang គឺជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៨/៩៣៦ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ទទួលបាន​ងារ​ជា «​ឯកឧត្តម​» តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពោល​នៅក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។

​លុះ​រយៈពេល​ជិត​២​ឆ្នាំ​ក្រោយមក ឯកឧត្តម សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ក៏ត្រូវ​បានបញ្ចប់​មុខតំណែង​ពី​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥២០/៤៩៧ ចុះ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.