នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្មទណ្ឌសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ភេទប្រុស អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន ៩ឆ្នាំ និងបង្គាប់ឲ្យរួមគ្នាជាមួយបក្ខពួកសងសំណងចំនួន ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិក និងជំងឺចិត្តចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ពីបទលួចមានស្ថានទម្ងន់ទោស បទប្រើប្រាស់អាវុធខុសច្បាប់ និងបទក្លែងឯកសារសាធារណៈ ។

គួររំលឹកជូនថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បុរសឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេក្លោងរួមជាមួយបក្ខពួកចំនួន៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពប្លន់ផ្ទះស្ត្រីអ្នកលក់ផលិតផលតាម Online ម្នាក់ឈ្មោះ អ៊ាន សៀវម៉ី នៅរាជធានីភ្នំពេញ យកបានគ្រឿងពេជ្រមួយចំនួន រួចគេចខ្លួនបាត់ស្រមោល ។

រយៈពេលមួយថ្ងៃក្រោយមក ត្រូវសមត្ថកិច្ចកំណត់មុខសញ្ញា និងចាប់ខ្លួនបានសម្បុកចោរប្លន់ ដែលជាជនសង្ស័យទាំងនោះ រួចបញ្ជូនទៅឲ្យស្ថាប័នតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមការចោទប្រកាន់បើកការស៊ើបសួរពីបទ លួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ ។

ក្នុងអាជីពនយោបាយនៅកម្ពុជា លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang គឺជាប្រធានគណបក្សខ្មែរក្រោក និងធ្លាប់ទទួលបានការតែងតាំងជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៦ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ទទួលបានងារជា «ឯកឧត្តម» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពោលនៅក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។

លុះរយៈពេលជិត២ឆ្នាំក្រោយមក ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ក៏ត្រូវបានបញ្ចប់មុខតំណែងពីសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី វិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៤៩៧ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ៕

