មិនដឹងជារឿងចៃដន្យពោរពេញដោយភ័ព្វព្រេងសំណាង ឬជាការគ្រោងទុកមុននោះទេ ដែលមានមេបញ្ជាការប៉េអឹមខេត្ត ពាក់ផ្កាយ១ម្នាក់ មានឪពុកក្មេក ពាក់ផ្កាយ៤ និងឪពុកបង្កើត ពាក់ផ្កាយ៣ ជាមេបញ្ជាការ និងជាមេបញ្ជាការរងប៉េអឹមផ្ទៃប្រទេស ត្រូវជា « មេ » របស់ខ្លួនតែម្តង ។
មេប៉េអឹម ដែលមានឪពុកក្មេក និងឪពុកបង្កើត ជាមេបញ្ជាការ « ត្រួត » របស់ខ្លួននោះ គឺលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ។


លោក ប៉ោ វណ្ណនិត នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ១៩៦៧៤៤ អតីតជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រោយមកទទួលបានការតែងតាំងមុខតំណែងថ្មីជា មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នៅអំឡុងខែឧសភា ឆ្នាំ២០១៥ ហើយក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៤២១ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មានឪពុកបង្កើត គឺឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០១១៣១ ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ (ទើបទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៨០ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២) និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានឪពុកក្មេក គឺឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០០១០៥ អគ្គមេបញ្ជាការរង នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕
