សារព័ត៌មាន Nikkei បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា សហរដ្ឋអាមេរិក បាន និងកំពុងចល័តនាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង នៅក្បែរតៃវ៉ាន់ ខណៈមានសេចក្តីរាយការណ៍ថា លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក នឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងសប្តាហ៍នេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងចំណោមនាវាចម្បាំង ដែលសហរដ្ឋអាមេរិក បាន និងកំពុងដាក់ពង្រាយ និងល្បាតនៅក្បែរតៃវ៉ាន់ នោះ រួមមាន ៖ នាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ ធុន USS Ronald Reagan (CVN-76) និងនាវាចម្បាំង USS Tripoli ផងដែរ ខណៈការដាក់ពង្រាយនាវាចម្បាំងនៅក្បែរតៃវ៉ាន់នេះ គឺសហរដ្ឋអាមេរិក ហាក់មិនខ្វល់ទៅនឹងប្រតិកម្មរបស់ចិន បន្តិចណាឡើយ ។

នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី Nancy Pelosi កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ខណៈកិច្ចចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់តំបន់អាស៊ី រួមមានប្រទេសចំនួន៣ទៀត គឺ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ។

ដូច្នេះ ប្រសិនបើសេចក្តីរាយការណ៍ខាងលើជាការពិតមែននោះ មានន័យថា លោកស្រី Nancy Pelosi នឹងឆ្ពោះទៅកាន់តៃវ៉ាន់ ក្រោយការចាកចេញពីប្រទេសសិង្ហបុរី តែម្តង ៕
