ថ្ងៃ អាទិត្យ ទី ០២ ខែ តុលា ឆ្នាំ ២០២២

​កំពូល​អ្នកជំនួញ​ដ៏​មាន​សមត្ថភាព ? អ្នកជំនួញ​ជនជាតិ​ចិន ចូលសញ្ជាតិ​ខ្មែរ​ម្នាក់ ដែលមាន​ងារ​ជា អ្នកឧកញ៉ា អាច​ធ្វើជា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ខ្មែរ​ដល់​ទៅ​៣​នាក់​

​មានការ​ចាប់អារម្មណ៍​ទៅនឹង​ទឹក​លុយ និង​សមត្ថភាព​របស់​អ្នកជំនួញ​ជនជាតិ​ចិន ចូលសញ្ជាតិ​ខ្មែរ​ម្នាក់ ដែលមាន​គោរមងារ​ជា អ្នកឧកញ៉ា អាច​ធ្វើជា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតដល់​ទៅ​៣​នាក់​តែម្តង គឺ​លោក ចេ​ន ហ្ស៊ី (Chen Zhi) ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Prince Holding Group ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផង​, ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៦ ផង និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផង ។

​លោក ចេ​ន ហ្ស៊ី (Chen Zhi) ជនជាតិ​ចិន សញ្ជាតិ​ចិន កើត​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៨៧ (​អាយុ​៣៥​ឆ្នាំ​) នៅ​ខេត្ត​ហ្វូ​ចៀន សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួលបាន​ការផ្តល់​ស​ញ្ជា​តិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២១៤/២០៩ ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ។

​ប្រមាណ​ជិត​២​ឆ្នាំ​ក្រោយមក បន្ទាប់ពី​ទទួលបាន​សញ្ជាតិ​ខ្មែរ និង​ក្នុងនាម​ជា​អ្នកជំនួញ​ដ៏​សកម្ម​នៅ​កម្ពុជា លោក ចេ​ន ហ្ស៊ី ក៏​ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២១៦/១៧៨ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

​រយៈពេល​ប្រមាណ​មួយឆ្នាំ​ក្រោយមកទៀត ឧកញ៉ា ចេ​ន ហ្ស៊ី ក៏​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ពុំ​ទទួលយក​ប្រាក់បៀវត្សរ៍ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២១៧/១៨៧ ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ពោលគឺ​មាន​ឋានៈ​ជា «​ឯកឧត្តម ឧកញ៉ា ចេ​ន ហ្ស៊ី​» ។

​ជាង​២​ឆ្នាំ​ក្រោយមក គឺ​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឯកឧត្តម ឧកញ៉ា ចេ​ន ហ្ស៊ី ក៏​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១៩/១៨០២ ចុះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ប្រមាណ​០៥​ខែក្រោយ​មក ឯកឧត្តម ឧកញ៉ា ចេ​ន ហ្ស៊ី ក៏​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល​ទី​៦ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥២០/៥២១ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល​ទី​៦ ប្រមាណ​ជិត​០១​ខែក្រោយ​មក ឯកឧត្តម ឧកញ៉ា ចេ​ន ហ្ស៊ី ក៏​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦២០/៥៩៥ ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២០ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ។

​លុះ​រយៈពេល​ប្រមាណ​០១​ខែ ០៧​ថ្ងៃ​ក្រោយមក បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឯកឧត្តម ឧកញ៉ា ចេ​ន ហ្ស៊ី ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ថ្មី​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២០/៧២៣ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ។

​ក្នុងចំណោម​មុខតំណែង​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ទាំង​៣​នាក់​នោះ គឺ​មុខតំណែង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល​ទី​៦ មិនបាន​បញ្ជាក់ថា មិន​យកប្រាក់​បៀវត្សរ៍ ឬ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ អ្វី​ឡើយ ពោល​មានន័យថា ឯកឧត្តម អ្នកឧកញ៉ា ចេ​ន ហ្ស៊ី អាច​ទទួលបាន​ប្រាក់​បំណាច់​មុខងារ​សម្រាប់​មុខតំណែង​នេះ ។

​កាលពីដើម​ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម អ្នកឧកញ៉ា ចេ​ន ហ្ស៊ី បាន​បរិច្ចាគ​ថវិកា​ចំនួន ១ ០០០ ០០០ (​មួយ​លាន​) ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរការ នៃ​សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​មជ្ឈដ្ឋាន​អ្នកតាមដាន និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា បាន​លាន់មាត់​ថា ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ដែល​អ្នកជំនួញ​ម្នាក់ មាន​សមត្ថភាព​ធ្វើជា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា រហូតដល់​ទៅ​៣​នាក់ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ផង និង​ស្ថាប័ន​នីតិប្រតិបត្តិ ផង ហើយ​ប្រសិនបើ​ឯកឧត្តម អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាទី​ប្រឹក្សា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​នោះ នឹង​ក្លាយជា​រឿង «​អច្ឆរិយៈ​» នៅ​កម្ពុជា​ថែមទៀត ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.