ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅតំបន់ Crimea បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះឲ្យដឹងថា អាជ្ញាធររុស្ស៊ី បានសម្រេចចិត្តលុបចោលកម្មវិធីប្រារព្វទិវាកងទ័ពជើងទឹក (Navy Day) ដោយរុស្ស៊ីបានចោទប្រកាន់ទៅលើអ៊ុយក្រែនថា បានបើកការវាយប្រហារដោយយន្តហោះ ដ្រូន (Drone) លើទីស្នាក់ការកណ្តាល នៃកងទ័ពជើងទឹករុស្ស៊ី ប្រចាំតំបន់សមុទ្រខ្មៅ នៅមុនការរៀបចំពិធីទីវាកងទ័ពជើងទឹក បណ្តាលឲ្យមនុស្ស៥នាក់រងរបួស ។

លោក Mikhail Razvozhayev អភិបាលទីក្រុង Sevastopol ជាទីតាំងកងទ័ពរុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅកំពុងឈរជើង បានបញ្ជាក់តាមសារ Telegram ថា មានវត្ថុមិនស្គាល់អត្តសញ្ញាណមួយបានហោះចូលតំបន់នៃទីស្នាក់ការកណ្តាល និងបើកការវាយប្រហារ ដែលតាមព័ត៌មានបឋម ត្រូវបានអះអាងថា គឺជាយន្តហោះដ្រូន ។

ការចោទប្រកាន់របស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ត្រូវចូលរួមដោយផ្ទាល់ក្នុងការប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុង St.Peterburg ។

អ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតបណាមួយទៅនឹងការចោទប្រកាន់របស់រុស្ស៊ីនៅឡើយទេ ៕