កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៨០ ត្រាស់បង្គាប់តែងតាំងលោកឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាជំំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ។ ពោលគឺ លោកឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ ត្រូវមានឋានៈជា «ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ» ។

លោក ប៉ោ វណ្ណៈ ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ០០១១៣១ អតីតជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងត្រូវបានគេស្គាល់ថា ជាដន្លងដងស្នែងឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា អគ្គមេបញ្ជាការរង នៃអគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ ក៏ទទួលបានការតែងតាំងមុខតំណែងថ្មីជា មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយអនុក្រឹត្យលេខ៩៩៤អនក្រ.តត ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ តាំងពីនៅមានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) មកម្ល៉េះ ពោលគឺបានមកកាន់មុខតំណែងនៅក្បែរដន្លងជាមេបញ្ជាការតែម្តង ។


លោកវរសេនីយ៍ឯក ប៉ោ វណ្ណៈ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ០០១១៣១ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/១៤០៦ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ។


បន្ទាប់ពីទទួលបានការតែងតាំងមុខតំណែងថ្មីជា មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រមាណជិត០៣ខែ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១១៧/១០៣១ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។


រយៈពេលមិនដល់មួយឆ្នាំក្រោយមកទៀត លោកឧត្តមសេនីយ៍ទោ ប៉ោ វណ្ណៈ ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៨/៦០៥ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ៕



