គោរមងារ សម្តេចពិជ័យសេនា គឺត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានជូន ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ពោលគឺមានរយៈពេល៥ឆ្នាំមកហើយ ។

យោងតាមការពន្យល់របស់ក្រសួងព្រះបរមរាជវាំង គឺគោរមងារ សម្តេចពិជ័យសេនា មានន័យថា ៖ អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម ។

ឯកឧត្តម ទៀ បាញ់ គឺជានាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០០០០៦ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ផ្កាយមាស៤ តាំងពីនៅកាន់តំណែងជា ទេសរដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងការពារជាតិ មកម្ល៉េះ ដំណាលគ្នាជាមួយឯកឧត្តម កែ គឹមយ៉ាន នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០០០០៨ អតីតអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ (បច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២៥ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៩ ។

ថ្ងៃនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥ឆ្នាំ ដែលឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានគោរមងារជា សម្តេចពិជ័យសេនា ទៀ បាញ់ ៕
