នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានចុះហត្ថលេខានៅលើសេចក្តីប្រកាសព័ត៌មានមួយរបស់គណបក្ស ដោយប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តទៅ និងអំពាវនាវឲ្យសមាជិកគណៈកម្មាធិការនាយក និងសមាជិកគណបក្សខ្មែរស្រឡាញ់ជាតិ នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) វិញ ។

លោក ជីវ កត្តា អាយុ៦០ឆ្នាំ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្លាប់ត្រូវបានហាមឃាត់ការធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ដំណាលគ្នានឹងការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ដោយអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ។ ប៉ុន្តែ ក្រោយមក លោក ជីវ កត្តា ក៏ទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៩/៤៣៦ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ បន្ទាប់ពីទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញ លោក ជីវ កត្តា ក៏បានបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ គណបក្សខ្មែរស្រឡាញ់ជាតិ និងបានចូលរួមដាក់បញ្ជីឈ្មោះបេក្ខជនប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយទទួលបានអាសនៈចំនួន ០៥អាសនៈ (តែមិនទទួលបានអាសនៈមេឃុំ ចៅសង្កាត់ ទេ ) ៕
