ថ្ងៃ ចន្ទ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២

​យុទ្ធសាស្ត្រ​ការពារ មិន​ញញើត​ចិន ! នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចរាចរណ៍​ទៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ភាព​តានតឹង​កើនឡើង​ខ្លាំង​ជាមួយ​ចិន ជុំវិញ​បញ្ហា​តៃវ៉ាន់​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​សហរដ្ឋ​អាមេរិក និង​ក្រុម​នាវាចម្បាំង​អមដំណើរ បាន​ចរាចរណ៍​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​ចូល​ចត​រយៈពេល​ខ្លី​នៅ​ដែនទឹក​ប្រទេស​សិង្ហ​បុរី ខណៈ​ការ​ចល័ត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ចូលទៅ​កាន់​ដែនទឹក​កំពុងមាន​វិវាទ​នេះ គឺ​ស្របពេល​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​ជាមួយ​ចិន ជុំវិញ​លទ្ធភាព​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ របស់លោក​ស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក ។

​កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បានបញ្ជាក់​ឲ្យ​ដឹងថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan និង​ក្រុម​នាវាចម្បាំង​អមដំណើរ កំពុង​ធ្វើ​ប្រតិបត្តិការ​សាជាថ្មី​ឡើងវិញ​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ការចូល​ចត​រយៈពេល​ខ្លី​នៅ​ដែនទឹក​ប្រទេស​សិង្ហ​បុរី ។ វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​ប្រព្រឹត្ត​ទៅតាម​កាលវិភាគ​កំណ​ត់ និង​ជា​ផ្នែក នៃ​ការ​ល្បាត​ជាប្រចាំ​ដើម្បី​គាំទ្រ​សុវត្ថិភាព​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​សេរី និង​បើកចំហ ។​

​ប្រភពព័ត៌មាន​បាន​រាយ​ការ​ឲ្យ​ដឹងថា លោកស្រី Nancy Pelosi គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​តៃវ៉ាន់ នៅ​ខែសីហា ខាងមុខនេះ ក្រោយ​មានការ​ខកខាន​កាលពី​ខែមេសា ឆ្នាំ​២០២២​កន្លងទៅ ដោយសារ​លោកស្រី ឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ។

​ពាក់ព័ន្ធ​ទៅនឹង​គម្រោង​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី Nancy Pelosi ប្រធានសភា​សហរដ្ឋអាមេរិក ទៅកាន់​តៃវ៉ាន់ ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង បញ្ចេញ​ប្រតិកម្ម​ព្រមាន​ទៅលើ​សហរដ្ឋអាមេរិក​ធ្ងន់ៗ ម្តង​ហើយ​ម្តងទៀត ។

​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ធុន USS Ronald Reagan (CVN-76) គឺជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ ដែល​អាច​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ចំនួន​ប្រមាណ​ជាង​៩០​គ្រឿង រួមទាំង​ឧទ្ធម្ភាគចក្រ ផង ដោយមាន​បំពាក់​នូវ​អាវុធ​មី​ស៊ី​ល​វាយប្រហារ​ដ៏​ទំនើបៗ​ជាច្រើន ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.