អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឲ្យដឹងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានអង្គរដ្ឋសភា អនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន១០៥សំឡេង ក្នុងចំណោមវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១០៦រូប ។

ការអនុម័តរបស់រដ្ឋសភា ដែលមានសមាជិក សមាជិកា មកពីគណបក្សប្រជាជនកម្ពុជា (CPP) ទាំងស្រុង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ នេះ គឺក្រោមរូបភាពរលូន ដោយមិនបង្អង់ពិចារណាទៅលើញត្តិរួម ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ របស់គណបក្សនយោបាយចំនួន៤ រួមមាន ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នោះសោះឡើយ ។


ញត្តិរួមគ្នា របស់គណបក្សនយោបាយទាំង៤ ដែលបានប្រកាសជំហរមិនគាំទ្រ និងស្នើសុំរដ្ឋសភាកុំយកសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះមកអនុម័ត ដោយបានលើកឡើងអំពីផលវិបាកមួយចំនួន ដូចតទៅ ៖ ១-បន្ថយអំណាចសភាជាតិ រំលងសភាជាតិក្នុងការតែងតាំងវរជននាយករដ្ឋមន្ត្រី ដោយផ្តល់សិទ្ធិអំណាចទៅគណបក្សនយោបាយ (ដែលជាស្ថាប័នក្រៅសភាជាតិ) ធ្វើសេចក្តីស្នើដោយផ្ទាល់ទូលថ្វាយព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ។ ការណ៍នេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម ។ ២-មិនគោរពគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហបក្ស ដោយបំបាត់សំឡេងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដែលព្រមព្រៀងគ្នាដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ។ ៣-បន្ថយសិទ្ធិអំណាច និងតួនាទីអ្នកតំណាងរាស្ត្រ ដោយសារការបង្កើនចំនួនតំណាងរាស្ត្រក្នុងការធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាល ពីសាមសិប ទៅមួយភាគបី (៨២) ។


ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់ធម្មនុញ្ញ នោះ បានថ្លែងឲ្យដឹងថា «…ញត្តិរួម របស់គណបក្សនយោបាយចំនួន៤ ដែលដាក់ជូនរដ្ឋសភា ប្រកាសមិនគាំទ្រសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នេះ ជារឿងធម្មតា ប៉ុន្តែពុំមែនផ្អែកលើហេតុផលដើម្បីការពាររបបសភានិយម ឬរបបប្រជាធិបតេយ្យ សេរី ពហុបក្ស អ្វីនោះឡើយ គឺគ្រាន់តែដើម្បីចង់ការពារនៅផលប្រយោជន៍ ខាងនយោបាយរបស់ខ្លួនជាយថាហេតុ នាពេលខាងមុខប៉ុណ្ណោះ ។…» ៕




