ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០២២

​ឆ្លង​ផុត​សភា​ហើយ ! រដ្ឋសភា បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៧ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​នេះ ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ត្រូវបាន​អង្គ​រដ្ឋសភា អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល មាន​ចំនួន​១០៥​សំឡេង ក្នុងចំណោម​វត្តមាន​សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ​ចំនួន​១០៦​រូប ។

​ការអនុម័ត​របស់រ​ដ្ឋ​សភា ដែលមាន​សមាជិក សមាជិកា ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ នេះ គឺ​ក្រោមរូបភាព​រលូន ដោយ​មិន​បង្អង់​ពិចារណា​ទៅលើ​ញត្តិ​រួម ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ របស់​គណបក្សនយោបាយ​ចំនួន​៤ រួមមាន ៖ គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុ​ជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នោះ​សោះឡើយ ។

​ញត្តិ​រួមគ្នា របស់​គណបក្សនយោបាយ​ទាំង​៤ ដែល​បានប្រកាស​ជំហរ​មិន​គាំទ្រ និង​ស្នើសុំ​រដ្ឋសភា​កុំ​យក​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​មក​អនុម័ត ដោយបាន​លើកឡើង​អំពី​ផលវិបាក​មួយចំនួន ដូចតទៅ ៖ ១-​បន្ថយអំណាច​សភាជាតិ រំលង​សភាជាតិ​ក្នុងការ​តែងតាំង​វរជន​នាយករដ្ឋមន្ត្រី ដោយ​ផ្តល់​សិទ្ធិអំណាច​ទៅ​គណបក្សនយោបាយ (​ដែលជា​ស្ថាប័ន​ក្រៅ​សភាជាតិ​) ធ្វើ​សេចក្តីស្នើ​ដោយផ្ទាល់​ទូលថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយរូប​ជា​នាយករដ្ឋមន្ត្រី ។ ការណ៍​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភានិយម ។ ២-​មិន​គោរព​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ព​ហប​ក្ស ដោយ​បំបាត់​សំឡេង​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​រាជរដ្ឋាភិបាលចម្រុះ ។ ៣-​បន្ថយ​សិទ្ធិអំណាច និង​តួនាទី​អ្នកតំណាងរាស្ត្រ ដោយសារ​ការបង្កើន​ចំនួន​តំណាងរាស្ត្រ​ក្នុង​ការធ្វើ​ញត្តិបន្ទោស​រាជរដ្ឋាភិបាល ពី​សាមសិប ទៅមួយ​ភាគបី (៨២) ។​

​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​រាជរដ្ឋាភិបាល ដែលជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ នោះ បាន​ថ្លែង​ឲ្យ​ដឹងថា «…​ញត្តិ​រួម របស់​គណបក្សនយោបាយ​ចំនួន​៤ ដែល​ដាក់ជូន​រដ្ឋសភា ប្រកាស​មិន​គាំទ្រ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ នេះ ជា​រឿង​ធម្មតា ប៉ុន្តែ​ពុំមែន​ផ្អែកលើ​ហេតុផល​ដើម្បី​ការពារ​របប​សភានិយម ឬ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស អ្វី​នោះឡើយ គឺ​គ្រាន់តែ​ដើម្បី​ចង់​ការពារ​នៅ​ផលប្រយោជន៍ ខាង​នយោបាយ​របស់ខ្លួន​ជាយថាហេតុ នាពេលខាងមុខ​ប៉ុណ្ណោះ ។​…» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.