កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) ដែលមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានចេញលិខិតផ្លូវការមួយលេខ ១៩៣៧ ដនស/អសដភ ជម្រាបជូនលោកប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដនសស) រាជធានី ខេត្ត ក្នុងកម្មវត្ថុស្តីពីការបញ្ឈប់ការប្រើប្រាស់លិខិតសញ្ញាលក់ផ្តាច់ (Vente Definitive) និងលិខិតអំណោយផ្តាច់ (Donation Definitive) ដែលមានបោះត្រាហត្ថលេខា ។

លិខិតរបស់ក្រសួង ដនស ដែលចុះហត្ថលេខាដោយឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួង ដនស បានបញ្ជាក់ឲ្យដឹងថា «ដើម្បីធានាការប្រើប្រាស់លិខិតលក់ផ្តាច់ (Vente Definitive) និងលិខិតអំណោយផ្តាច់ (Donation Definitive) សម្រាប់បម្រើឲ្យការចុះបញ្ជីបន្តឲ្យមានប្រសិទ្ធភាព និងស្របតាមបច្ចុប្បន្នភាព នៃមុខងារដ្ឋបាល ក្រសួង ដនស សម្រេចបញ្ឈប់ការប្រើប្រាស់លិខិតលក់ផ្តាច់ (Vente Definitive) និងលិខិតអំណោយផ្តាច់ (Donation Definitive) ដែលមានបោះត្រាហត្ថលេខារបស់ឯកឧត្តម លឹម វាន់ កន្លងមក ដោយត្រូវប្រើត្រា របស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ជំនួសវិញ ។ ការប្រើប្រាស់លិខិតសញ្ញាទាំងពីរ ដែលមានត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ត្រូវចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ។» ៕

