ថ្លែងនៅក្នុងសន្និសីទ ស្តីពីប្រេង និងឧស្ម័ន នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជា បាន និងកំពុងពិភាក្សាជាមួយក្រុមហ៊ុន EnerCam Resources Corp (Cambodia) Co.,Ltd. របស់ប្រទេសកាណាដា ដើម្បីសិក្សាអំពីលទ្ធភាពវិនិយោគបូមប្រេងនៅប្លុក A នៃសមុទ្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Kris Energy ក្ស័យធន ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់កិច្ចព្រមព្រៀងរួចហើយនោះ ។

ឯកឧត្តម ជៀប សួរ បានឲ្យដឹងដែរថា ក្រុមហ៊ុន EnerCam Resources Corp (Cambodia) Co.,Ltd. ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធ្វើការសិក្សាទិន្នន័យឡើងវិញឲ្យបានច្បាស់លាស់ មុននឹងឈានទៅចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបូមប្រេង និងឧស្ម័ននេះ ។

គួររំលឹកជូនដែរថា បន្ទាប់ពីក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd. ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់សហរដ្ឋអាមេរិក បានបោះបង់សិទ្ធិរុករក និងអាជីវកម្មបូមប្រេងនៅក្នុងសមុទ្រកម្ពុជា និងសម្រេចលក់គម្រោងវិនិយោគឲ្យទៅក្រុមហ៊ុនប្រេងឈ្មោះ Kris Energy របស់ប្រទេសសិង្ហបុរី ក្នុងតម្លៃ ៦៥លានដុល្លារអាមេរិក ដើម្បីបន្តអាជីវកម្មបូមប្រេងនៅកម្ពុជារួចមក ប្រេងឆៅកម្ពុជា ដែលក្រុមហ៊ុន Kris Energy បូមបានចំនួន ២៩៥ ០០០បារ៉ែល (ប្រមាណជិត ៤៧លានលីត្រ) ត្រូវបានក្រុមនាវិក នៃនាវា MT Strovolos (ជានាវាត្រូវបានជួលដោយក្រុមហ៊ុន Kris Energy ដើម្បីផ្ទុក និងផ្ទេរប្រេងឆៅ នៅតំបន់គម្រោងប្រេងកាត អប្សរា) លួចដឹកយកទៅបាត់ស្រមោល កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រហូតទល់បច្ចុប្បន្ន ។

យោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០០៣៦រថ.អប្រក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមនាវិក នៃនាវា MT Strovolos ត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ ដោយតុលាការប្រទេសឥណ្ឌូនេស៊ី កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបទល្មើសលួចប្រេងឆៅរបស់កម្ពុជា ប៉ុន្តែកម្ពុជា មិនទាន់ទទួលបានផលប្រេងឆៅរបស់ខ្លួនមានតម្លៃច្រើនលានដុល្លារអាមេរិក ដែលចោរហារយលួចយកទៅបាត់នោះមកវិញនៅឡើយទេ ។

ពាក់ព័ន្ធនឹងដំណើរការរុករក និងអាជីវកម្មបូមប្រេងនៅតំបន់ដែនទឹកសមុទ្រកម្ពុជាធ្លាប់ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអះអាងជាសាធារណៈកាលពីអំឡុងខែកក្កដា ឆ្នាំ២០១១កន្លងទៅថា កម្ពុជានឹងទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួននៅវេលាម៉ោង ១២យប់ នាថ្ងៃទី១២ ខែ១២ (ធ្នូ) ឆ្នាំ២០១២ ។ ប៉ុន្តែលុះមកដល់ពាក់កណ្តាលឆ្នាំ២០២១ ទើបកម្ពុជាទទួលបានប្រេងឆៅចំនួនជិត៣០ម៉ឺនបារ៉ែល តាមរយៈការបូមដោយក្រុមហ៊ុន Kris Energy (បូមបន្តពីក្រុមហ៊ុនប្រេង Chevron របស់សហរដ្ឋអាមេរិក) ហើយក៏ត្រូវបានចោរហារយលួចអស់បាត់ទៀត ទាំងប្រកបដោយភាពភ្ញាក់ផ្អើល និងហួសចិត្តបំផុត ៕



