បន្ទាប់ពីទទួលបានការតែងតាំងមុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រមាណ០៥ខែរួចមក កូនប្រុសឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺលោក គីម រិទ្ធី ឧត្តមមន្ត្រីថ្នាក់លេខ៣ ក៏ត្រូវបានតែងតាំងមុខតំណែងថ្មីជា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗ លោក គីម រិទ្ធី ឧត្តមមន្ត្រីថ្នាក់លេខ៤ អតីតអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានផ្ទេរភារកិច្ចឲ្យមកកាន់មុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៥៩អនក្រ.តត ។ ពោលគឺ ត្រឹមរយៈពេលប្រមាណ០៥ខែ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ក៏បានឡើងឋានន្តរស័ក្តិជា ឧត្តមមន្ត្រី ថ្នាក់លេខ៣ ។


លោក គីម រិទ្ធី អតីតជានាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ ទក្រសួងការពារជាតិ អត្តលេខ០០៤៤៦៥ ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) និងបានផ្ទេរក្របខ័ណ្ឌមកជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ក្នុងឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៦ វិញ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៥២៧ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ។ មុនពេលផ្ទេរក្របខ័ណ្ឌ ពីនាយទាហានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) មកជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ក្នុងឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៦នោះ លោក គីម រិទ្ធី ក៏ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដោយអនុក្រឹត្យលេខ ១៧២៨អនក្រើ.តត ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ តាមរបៀប «កូនកើតមុនឪ ពតាដើរលេង» (Sic!) ៕

