ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​លំដាប់​ស័ក្តិ «​ឧកញ៉ា​» ! អ្នកជំនួញ​ម្នាក់ ទទួលបាន​ងារ ៣​ថ្នាក់​ហើយ គឺ ឧកញ៉ា​, លោក​ឧកញ៉ា និង អ្នកឧកញ៉ា ?

​អនុលោម​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧ គឺ​បាន​បែងចែក​លំដាប់ថ្នាក់​ស័ក្តិធំ តូច នៃ​គោរមងារ «​ឧកញ៉ា​» ថា ៖ លោកអ្នកឧកញ៉ា​, អ្នកឧកញ៉ា និង​ឧកញ៉ា ។

​ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ និង​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​លេខ ១៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤ ស្តីពី​ការបង្កើត​មេដាយ​ស្ថាបនា​ជាតិ និង​បណ្ណ​ស្ថាបនា​ជាតិ ដែល​បាន​ចែងថា «…​សប្បុរសជន ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ១០០ ០០០ (​ដប់​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​រាជរដ្ឋាភិបាល​ស្នើសុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន​គោរមងារ​ជា ឧកញ៉ា ។ » ​មក រហូតទល់​បច្ចុប្បន្ន មាន​អ្នកទទួលបាន​គោរមងារ​ជា «​ឧកញ៉ា​» ជាង ១ ២០០​នាក់​, គោរមងារ​ជា «​អ្នកឧកញ៉ា​» ចំនួន​ជាង​២០​នាក់ និង​គោរមងារ​ជា «​លោកអ្នកឧកញ៉ា​» ចំនួន​ម្នាក់ គឺ​លោក យោគ រាជ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២៩៦/៨៦ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៩៦) ។

​ឈានចូល​មកដល់​ដើមឆ្នាំ​២០១៧ អនុក្រឹត្យ​លេខ ១៥​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នា​១៩៩៤ ស្តីពី​ការបង្កើត​មេដាយ​ស្ថាបនា​ជាតិ និង​បណ្ណ​ស្ថាបនា​ជាតិ ត្រូវបាន​កែសម្រួល​ឡើងវិញ​នៅត្រង់ចំណុច​ទី​១ មាត្រា​២ ដោយ​អនុក្រឹត្យ​លេខ ៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ពោលគឺ​សប្បុរសជន ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ៥០០ ០០០ (​ហាសិប​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ អាច​ទទួលបាន​គោរមងារ​ជា «​ឧក​ញ៉​» ។

​តាម​ការកត់សម្គាល់​ក​ន្ល​ង​មក​បាន​បង្ហាញថា ចំពោះ​គោរមងារ​ជា «​ឧកញ៉ា​» និង «​អ្នកឧកញ៉ា​» គឺមាន​សប្បុរសជន​មួយចំនួន​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​អ្នកឧកញ៉ា​» តែម្តង ដោយ​មិន​ឆ្លងកាត់​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» ជាមុនសិន​នោះឡើយ ហើយ​មាន​ចំនួន​ភាគច្រើន មុន​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​អ្នកឧកញ៉ា​» ត្រូវ​ឆ្លងកាត់​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» ជាមុនសិន ដូច​មាន​ព័ស្តុតាង​ជាក់ស្តែង​ជា​ឧទាហរណ៍​ខ្លះៗ ដូចខាងក្រោម ៖

I-​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​អ្នកឧកញ៉ា​» ផ្ទាល់​តែម្តង ដោយ​មិន​ឆ្លងកាត់​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» ជាមុន ៖

១-​លោក ហួត វ៉ាន់​ថន អគ្គនាយក​ក្រុមហ៊ុន ហួត​ត្រា​កូ ទទួលបាន​ការតែងតាំង​គោរមងារ​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០១៩៥/០២ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៩៥ ។

២-​លោក ហ៊ុន តូ ជា​ក្មួយប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការតែងតាំង​គោរមងារ​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥០០/០៨៤ ចុះ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០០០ ។

II-​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​អ្នកឧកញ៉ា​» ដោយ​ឆ្លងកាត់​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» ជាមុន ៖

១-​លោក លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីបម៉ុង គ្រុប​, សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Khmer Beverages ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០០៦/៤០៤ ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០០៦ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៧ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ។

២-​លោកស្រី ភាព ហៀក ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០០៧/៥១១ ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០០៧ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៦ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ។

៣-​លោក លាង ម៉េង អភិបាល​ក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧០៨/៨៤៣ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០០៨ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៨ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ។

​ដោយឡែក ចំពោះ​ការតែងតាំង​គោរមងារ​អ្នកជំនួញ​ម្នាក់ គឺ​លោក ឃុន សៀ នាយក​ក្រុមហ៊ុន TP Moral Group (TPMG) និង​នាយក​ក្រុមហ៊ុន សៀ អ៊ី​ម​ផត អ៊ិ​ច​ផត ជា អ្នកឧកញ៉ា មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង និង​ងឿងឆ្ងល់​ផង ដូចតទៅ ៖ ១-​លោក ឃុន សៀ ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០៦/១៦៣ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០០៦ ។ ២-​ក្រោយមក ឧកញ៉ា ឃុន សៀ ក៏​ទទួលបាន​ការតែងតាំង​គោរមងារ​ជា អ្នកឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០៨/៤៤៥ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៨ ប៉ុន្តែ​បែរជា​ព្រះរាជក្រឹត្យ​សរសេរថា តែងតាំង លោក​ឧកញ៉ា ឃុន សៀ ជា អ្នកឧកញ៉ា ទៅវិញ (Sic!) ។​

​សរុបសេចក្តី​មក យោងតាម​ខ្លឹមសារ នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០៨/៤៤៥ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៨ ដែល​បានសរសេរថា តែងតាំង លោក​ឧកញ៉ា ឃុន សៀ ជា អ្នកឧកញ៉ា តើ​ជាការ​ចង់បង្ហាញ​ឲ្យ​ឃើញថា លំដាប់ថ្នាក់​ស័ក្តិ «​ឧកញ៉ា​» មាន​ចំនួន​៤​ថ្នាក់ ខុសប្លែក​ពី​ការបែងចែក​លំដាប់ថ្នាក់ «​ឧកញ៉ា​» ដែល​មានចែង​នៅក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ ឬ​យ៉ាងណា ? (Resic!) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.