អនុលោមតាមសៀវភៅវចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧ គឺបានបែងចែកលំដាប់ថ្នាក់ស័ក្តិធំ តូច នៃគោរមងារ «ឧកញ៉ា» ថា ៖ លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា និងឧកញ៉ា ។
ចាប់តាំងពីបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ និងរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ស្តីពីការបង្កើតមេដាយស្ថាបនាជាតិ និងបណ្ណស្ថាបនាជាតិ ដែលបានចែងថា «…សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា ឧកញ៉ា ។ » មក រហូតទល់បច្ចុប្បន្ន មានអ្នកទទួលបានគោរមងារជា «ឧកញ៉ា» ជាង ១ ២០០នាក់, គោរមងារជា «អ្នកឧកញ៉ា» ចំនួនជាង២០នាក់ និងគោរមងារជា «លោកអ្នកឧកញ៉ា» ចំនួនម្នាក់ គឺលោក យោគ រាជ (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/១២៩៦/៨៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩៦) ។


ឈានចូលមកដល់ដើមឆ្នាំ២០១៧ អនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នា១៩៩៤ ស្តីពីការបង្កើតមេដាយស្ថាបនាជាតិ និងបណ្ណស្ថាបនាជាតិ ត្រូវបានកែសម្រួលឡើងវិញនៅត្រង់ចំណុចទី១ មាត្រា២ ដោយអនុក្រឹត្យលេខ ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ពោលគឺសប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ អាចទទួលបានគោរមងារជា «ឧកញ៉» ។
តាមការកត់សម្គាល់កន្លងមកបានបង្ហាញថា ចំពោះគោរមងារជា «ឧកញ៉ា» និង «អ្នកឧកញ៉ា» គឺមានសប្បុរសជនមួយចំនួនទទួលបានការតែងតាំងគោរមងារជា «អ្នកឧកញ៉ា» តែម្តង ដោយមិនឆ្លងកាត់ការតែងតាំងគោរមងារជា «ឧកញ៉ា» ជាមុនសិននោះឡើយ ហើយមានចំនួនភាគច្រើន មុនទទួលបានការតែងតាំងគោរមងារជា «អ្នកឧកញ៉ា» ត្រូវឆ្លងកាត់ការតែងតាំងគោរមងារជា «ឧកញ៉ា» ជាមុនសិន ដូចមានព័ស្តុតាងជាក់ស្តែងជាឧទាហរណ៍ខ្លះៗ ដូចខាងក្រោម ៖
I-ទទួលបានការតែងតាំងគោរមងារជា «អ្នកឧកញ៉ា» ផ្ទាល់តែម្តង ដោយមិនឆ្លងកាត់ការតែងតាំងគោរមងារជា «ឧកញ៉ា» ជាមុន ៖

១-លោក ហួត វ៉ាន់ថន អគ្គនាយកក្រុមហ៊ុន ហួតត្រាកូ ទទួលបានការតែងតាំងគោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១៩៥/០២ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥ ។

២-លោក ហ៊ុន តូ ជាក្មួយប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការតែងតាំងគោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/០៨៤ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០០ ។

II-ទទួលបានការតែងតាំងគោរមងារជា «អ្នកឧកញ៉ា» ដោយឆ្លងកាត់ការតែងតាំងគោរមងារជា «ឧកញ៉ា» ជាមុន ៖

១-លោក លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប, សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Beverages ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៦/៤០៤ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៦ និងក្រោយមក ក៏ទទួលបានការផ្តល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/៩៤៧ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។


២-លោកស្រី ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៧/៥១១ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ និងក្រោយមក ក៏ទទួលបានការផ្តល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/៩៤៦ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។


៣-លោក លាង ម៉េង អភិបាលក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧០៨/៨៤៣ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៨ និងក្រោយមក ក៏ទទួលបានការផ្តល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/៩៤៨ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។


ដោយឡែក ចំពោះការតែងតាំងគោរមងារអ្នកជំនួញម្នាក់ គឺលោក ឃុន សៀ នាយកក្រុមហ៊ុន TP Moral Group (TPMG) និងនាយកក្រុមហ៊ុន សៀ អ៊ីមផត អ៊ិចផត ជា អ្នកឧកញ៉ា មានចំណុចគួរឲ្យចាប់អារម្មណ៍ផង និងងឿងឆ្ងល់ផង ដូចតទៅ ៖ ១-លោក ឃុន សៀ ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០៦/១៦៣ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០៦ ។ ២-ក្រោយមក ឧកញ៉ា ឃុន សៀ ក៏ទទួលបានការតែងតាំងគោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤០៨/៤៤៥ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ ប៉ុន្តែបែរជាព្រះរាជក្រឹត្យសរសេរថា តែងតាំង លោកឧកញ៉ា ឃុន សៀ ជា អ្នកឧកញ៉ា ទៅវិញ (Sic!) ។

សរុបសេចក្តីមក យោងតាមខ្លឹមសារ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៨/៤៤៥ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ ដែលបានសរសេរថា តែងតាំង លោកឧកញ៉ា ឃុន សៀ ជា អ្នកឧកញ៉ា តើជាការចង់បង្ហាញឲ្យឃើញថា លំដាប់ថ្នាក់ស័ក្តិ «ឧកញ៉ា» មានចំនួន៤ថ្នាក់ ខុសប្លែកពីការបែងចែកលំដាប់ថ្នាក់ «ឧកញ៉ា» ដែលមានចែងនៅក្នុងសៀវភៅវចនានុក្រមខ្មែរ ឬយ៉ាងណា ? (Resic!) ៕
