ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​​បន្ត​ពី​យួន ចូល​ចិន ! អភិបាល​ថ្មី​នៃក្រុមហ៊ុន PNT ប្រកាសថា មិនបាន​ឈូសឆាយ ឬ​កាប់បំផ្លាញ​ព្រៃឈើ​លើដី​សម្បទាន​របស់ខ្លួន នៅ​ខេត្តព្រះវិហារ ទេ

​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ក្រុមហ៊ុន ភី អិន ធី ខូ អិ​ល​ធី​ឌី (PNT Co.,Ltd.) ដែលមាន​លោក Shen, Kuo-Jung សញ្ជាតិ​ចិន ជា​អ្នកតំណាង​ក្រុមហ៊ុន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​លេខ ០៣៦ ឲ្យ​ដឹងថា ក្រុមហ៊ុន​មិនដែល​បានធ្វើ​សកម្មភាព​ឈូសឆាយ ឬ​កាប់បំផ្លាញ​ព្រៃឈើ​លើដី​សម្បទាន​សេដ្ឋកិច្ច ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ធ្វើ​ការវិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ទំហំ ៧ ៩០០​ហិកតា ស្ថិតនៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ម្តងណា​ឡើយ ។

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ របស់​ក្រុមហ៊ុន PNT Co.,Ltd. បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ដើមឡើយ​ក្រុមហ៊ុន មាន​ម្ចាស់​ភាគហ៊ុន​ឈ្មោះ Nguyen Hong Phu សញ្ជាតិ​វៀតណាម​, ឈ្មោះ Phan Huu Nam សញ្ជាតិ​វៀតណាម និង​លោក ឡេង ឫទ្ធី ជនជាតិខ្មែរ ។ ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​នេះ ត្រូវបាន​ផ្ទេរ​ជា​បន្តបន្ទាប់ រហូតមកដល់​ឈ្មោះ Tseng Kuo-Chan ភេទ​ប្រុស សញ្ជាតិ​ចិន មាន​ភាគហ៊ុន ១០០% ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អភិបាល​ក្រុមហ៊ុន ។ នៅ​ខែឧសភា ឆ្នាំ​២០២១ ក្រុមហ៊ុន​ទទួលបាន​ទីតាំង​ដី​សម្បទាន សម្រាប់ធ្វើ​ការវិនិយោគ​ដាំ​ដំណាំ​កៅស៊ូ ទំហំ ៧ ៩០០​ហិកតា ស្ថិតនៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ។ ក្រុមហ៊ុន​ពុំទាន់​មាន​ផែនការ​ធ្វើការ​ឈូសឆាយដី និង​ប្រមូល​ផល​-​អនុផល​ព្រៃឈើ លើដី​សម្បទាន​របស់​ក្រុមហ៊ុន​នៅឡើយ​ទេ ហើយ​ក្នុងករណី​រដ្ឋបាល​ព្រៃឈើ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ម៉ាឃ​ល ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ឬ​បុគ្គល​ផ្សេងទៀត ធ្វើ​ការកាប់​ប្រមូល​ឈើ​លើដី​សម្បទាន​របស់​ក្រុមហ៊ុន​នោះ និង​នាំ​ឲ្យ​មានការ​ខូចខាត​បរិស្ថាន​ទូទៅ ខូចគុណភាព​ដី ហើយ​ជាពិសេស​ក្រុមហ៊ុន PNT Co.,Ltd. នឹង​ប្រឈម​ការខាតបង់​ចំណាយ​សម្រាប់​ការ​ឈូសឆាយ ឬ​ស្តារ​ស្ថានភាព​នានា​នៅពេល​អនាគត ។

​លើសពីនេះ សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ របស់​ក្រុមហ៊ុន PNT Co.,Ltd. ក៏បាន​ស្នើសុំ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ មេត្តា​ពិនិត្យ និង​បញ្ឈប់​នូវ​ការចេញ​លិខិតអនុញ្ញាត​ឲ្យ​កាប់​ប្រមូល​ផល អនុផល​ព្រៃឈើ និង​លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​លើដី​សម្បទាន​របស់​ក្រុមហ៊ុន PNT Co.,Ltd. ទៀតផង ។

​ក្រុមហ៊ុន PNT Co.,Ltd. ដែលមាន​ម្ចាស់​ភាគហ៊ុន​ថ្មី ជា​ជន​ជាតិចិន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដូច្នេះ គឺ​បន្ទាប់ពី​លោក​មេធាវី ស៊ុន លៀង​ហេង អត្តលេខ​១៩៩៣ ប្រធានការិយាល័យ​មេធាវី ដឹ ខ័​រ (The CORE Law Office) ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក Tseng Kuo-Chan ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អភិបាល​ក្រុមហ៊ុន PNT Co.,Ltd. ចេញ​លិខិត​ជូនដំណឹង ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ កោះអញ្ជើញ​លោក សយ សុផល នាយក​ក្រុមហ៊ុន ម៉ា​យឃ​ល ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ឲ្យ​មក​ចូលរួម​ប្រជុំ​ដោះស្រាយ ករណី​ការកាប់​ឆ្ការ និង​ការប្រមូល​ផល​-​អនុផល​ព្រៃឈើ​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន PNT Co.,Ltd. នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​រួចមក ។ ប៉ុន្តែ​ប្រភព​រាយការណ៍​មួយចំនួន​ឲ្យ​ដឹងថា លោក សយ សុផល មិន​បានមក​ចូលរួម​ប្រជុំ​ជាមួយ​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក Tseng Kuo-Chan នោះឡើយ គឺ​បាន​ត្រឹម​បញ្ជូន​បុគ្គលិក​ក្រុមហ៊ុន​ដែល​ពុំមាន​ការប្រគល់សិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់​ឲ្យ​មក​ចូលរួម​តែប៉ុណ្ណោះ ។

​គួរ​រំលឹក​ជូន​ដែរ​ថា នា​រយៈពេល​កន្លងមក ក្រុម​សហគមន៍​ព្រៃ​ឡង់ ធ្លាប់បាន​រាយការណ៍​ឲ្យ​ដឹងថា មាន​សកម្មភាព​កាប់​ឈើ​ឡើង​កក្រើក​ព្រៃ​លើដី​សម្បទាន​សេដ្ឋកិច្ច និង​ដឹកជញ្ជូន​ឈើ​ចូល​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន PNT Co.,Ltd. ដោយមាន​ការពាក់ព័ន្ធ​នឹង​ឧកញ៉ា ឡេង ឫទ្ធី និង​ក្រុមហ៊ុន ម៉ា​យឃ​ល ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) របស់លោក សយ សុផល ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.