ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ទៅមុខ​មួយ​ជំហាន​ទៀតហើយ ! រដ្ឋសភា​កំណត់​យក​ថ្ងៃទី​២៨ កក្កដា ដើម្បី​បន្ត​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​

​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​នេះ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ឲ្យ​ដឹងថា អង្គប្រជុំ​បានអនុម័ត​យល់ព្រម​បញ្ចូល​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​៧ នីតិកាល​ទី​៦ និង​អនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​ខាងមុខ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​នេះ ។

​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ នេះ គឺ​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ គណបក្សនយោបាយ​ចំនួន​៤ រួមមាន ៖ គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុ​ជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានសម្រេច​ដាក់​ញ្ញត្តិ​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដែល​បានធ្វើ​រួមគ្នា គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រកាស​ជំហរ​មិន​គាំទ្រ​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះឡើយ ។

​ញត្តិ​រួមគ្នា​របស់​គណបក្សនយោបាយ​ទាំង​៤ ដែល​បានប្រកាស​ជំហរ​មិន​គាំទ្រ និង​ស្នើសុំ​រដ្ឋសភា​កុំ​យក​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​មក​អនុម័ត ដោយបាន​លើកឡើង​អំពី​ផលវិបាក​មួយចំនួន ដូចតទៅ ៖ ១-​បន្ថយអំណាច​សភាជាតិ រំលង​សភាជាតិ​ក្នុងការ​តែងតាំង​វរជន​នាយករដ្ឋមន្ត្រី ដោយ​ផ្តល់​សិទ្ធិអំណាច​ទៅ​គណបក្សនយោបាយ (​ដែលជា​ស្ថាប័ន​ក្រៅ​សភាជាតិ​) ធ្វើ​សេចក្តីស្នើ​ដោយផ្ទាល់​ទូលថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយរូប​ជា​នាយករដ្ឋមន្ត្រី ។ ការណ៍​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភានិយម ។ ២-​មិន​គោរព​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ព​ហប​ក្ស ដោយ​បំបាត់​សំឡេង​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ព្រមព្រៀងគ្នា​ដើម្បី​បង្កើត​រាជរដ្ឋាភិបាលចម្រុះ ។ ៣-​បន្ថយ​សិទ្ធិអំណាច និង​តួនាទី​អ្នកតំណាងរាស្ត្រ ដោយសារ​ការបង្កើន​ចំនួន​តំណាងរាស្ត្រ​ក្នុង​ការធ្វើ​ញត្តិបន្ទោស​រាជរដ្ឋាភិបាល ពី​សាមសិប ទៅមួយ​ភាគបី (៨២) ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.