អតីតអ្នកនិពន្ធ និងគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា គឺលោក យឹម តាស្រង់ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៤៩ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

និយាយអំពីអតីតអ្នកនិពន្ធ និងគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Galaxy Navatra គឺធ្វើឲ្យប្រិយមិត្តអ្នកអាននឹកដល់បទចម្រៀង «Are You Ok?» ដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ភត្រា ចំណាយលុយអស់ប្រមាណជាង៥ម៉ឺនដុល្លារអាមេរិកដើម្បីផលិតបទចម្រៀងមួយនេះ ប៉ុន្តែត្រូវបានលុបចោលវិញ ជាហេតុធ្វើឲ្យលោក យឹម តាស្រង់ សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ។

តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ការណ៍ដែលនាំឲ្យលោក យឹម តាស្រង់ សម្រេចចាកចេញពីតំណែងអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្ម Galaxy Navatra គឺដោយសារលោកមានកិច្ចការរវល់នឹងមុខរបរជំនួញរបស់ខ្លួន ដែលទើបបង្កើតថ្មីចំនួន ២ ទៅ៣ក្រុមហ៊ុន ដែលក្នុងនោះ ក៏មានក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យផងដែរ ៕


