ឈានចូលមកដល់ដើមឆ្នាំ២០២២ភ្លាម រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចកាត់ផ្ទៃដីទំហំជាង១២ហិកតាបន្ថែមទៀត ចេញពីផ្ទៃបឹងជើងឯក ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជាកម្មសិទ្ធិជូនឯកឧត្តមឧកញ៉ា ឡោក ហ៊ួរ (ទទួលបានចំណែកផ្ទៃដីទំហំ ១០៦ ៤២៩ម៉ែត្រក្រឡា) និងជូនក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី (ទទួលបានចំណែកផ្ទៃដីទំហំ ១៨ ១២៦ម៉ែត្រក្រឡា) ។




ផ្ទៃដីទំហំ ១៨ ១២៦ម៉ែត្រក្រឡា ស្ថិតនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីផ្ទៃបឹងជើងឯក ហើយធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្តល់ជូនក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ៤៩ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ កាលពីអំឡុងចុងឆ្នាំ២០១៩កន្លងទៅ ក្រសួងមហាផ្ទៃក៏ធ្លាប់ទទួលបានចំណែកផ្ទៃដីបឹងជើងឯក ទំហំ ១០ហិកតា រួចហើយផងដែរ សម្រាប់សាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិ ទំហំ ៥ហិកតា, អគ្គស្នងការដ្ឋានអត្តសញ្ញាណកម្ម ទំហំ ១ហិកតា, សាលារដ្ឋបាលមូលដ្ឋាន ទំហំ ២ហិកតា និងមន្ទីរពេទ្យនគរបាលជាតិ ទំហំ ២ហិកតា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។


ផ្ទៃដីចំនួន២ទីតាំង សរុបទំហំ ១០៦ ៤២៩ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញពីផ្ទៃបឹងជើងឯក ហើយធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជូនឯកឧត្តមឧកញ៉ា ឡោក ហ៊ួរ ជាកម្មសិទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ៥៧អនក្រ.បក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។



ឯកឧត្តមឧកញ៉ា ឡោក ហ៊ួរ បច្ចុប្បន្នកាន់តំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា (CPP) ។ លោក ឡោក ហ៊ួរ ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២០៨ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៩៩ ។ ក្រៅពីមានគោរមងារជាឧកញ៉ា គឺឧកញ៉ា ឡោក ហ៊ួរ ក៏ជានាយនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៦៧២២២ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ម្នាក់ដែរ (ឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៩/១២២៦ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៩) ។ ឯកឧត្តមឧកញ៉ា ឡោក ហ៊ួរ ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ ជាហូរហែ ។

ផ្ទៃបឹងជើងឯក និងប្រឡាយ ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ (បច្ចុប្បន្នក្រុងតាខ្មៅ) ខេត្តកណ្តាល មានទំហំសរុបចំនួន ៥២០ហិកតា ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ១២៤អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ។ មកដល់ដើមឆ្នាំ២០១២ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកែសម្រួលនីយាមកាមួយចំនួននៃផ្ទៃបឹងជើងឯក និងប្រឡាយ រួមមានលេខ A៥៨, A៥៩, A៦០ និង A៦១ ទៅជានិយាមកាថ្មីតែមួយចំណុចលេខ A៧៨ វិញ ដោយអនុក្រឹត្យលេខ២៦អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ។


បន្ទាប់ពីកំណត់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរួចហើយ ផ្ទៃបឹងជើងឯក និងប្រឡាយ ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ចេញជាហូរហែ ធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជូនទៅស្ថាប័នរដ្ឋ ក្រុមហ៊ុន ឈ្មួញជាអ្នកឧកញ៉ា-ឧកញ៉ា និងមន្ត្រីមានបុណ្យស័ក្តិគ្រាក់ៗជាកម្មសិទ្ធិ តរៀងមក ជាអាទិ៍ ៖
១-ក្រុមហ៊ុន អ័រគីដេ វីឡា ៤ ឯ.ក (Orkide Villa) ដែលគេស្គាល់ថាជាក្រុមហ៊ុនឯកជនរបស់លោកស្រី ហ៊ុន ម៉ាណា កូនបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណែកផ្ទៃដីទំហំ ៣៧៤ ៦៧៨ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វា ភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយអនុក្រឹត្យលេខ១២អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។


២-ឧកញ៉ា ខូវ គឹមបាក់ ទទួលបានចំណែកផ្ទៃដីទំហំ ១០០ ៧៥៦ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីទំហំ ៩៨ ៤៩៨ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វា ភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយអនុក្រឹត្យលេខ១២អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងផ្ទៃដីទំហំ ២ ២៥៨ម៉ែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក ខូវ គឹមបាក់ ជាឈ្មួញរកស៊ីដ៏សកម្មម្នាក់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានតែងតាំងគោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ ជស/រកត/០៧៩៩/០៨ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៩ ។



៣-ក្រុមហ៊ុន ING Holding Co.,Ltd. ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ, ឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ ទទួលបានចំណែកផ្ទៃដីទំហំ ១៩០ហិកតា ដោយអនុក្រឹត្យលេខ១៤៨អនក្រ.បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។


៤-ក្រសួងមហាផ្ទៃ ទទួលបានចំណែកផ្ទៃដីទំហំ ១០ហិកតា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
៥-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានចំណែកផ្ទៃដីទំហំ ៣២ ១២៣មែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
៦-អ្នកឧកញ៉ា ភាព ហៀក ដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបានចំណែកផ្ទៃដីទំហំ ១២ ៤២៦មែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។ លោកស្រី ភាព ហៀក គឺជាឈ្មួញរកស៊ីដ៏សកម្មលេចធ្លោនាពេលបច្ចុប្បន្ននេះ ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៧/៥១១ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ និងក្រោយមក ទទួលបានការផ្តល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩២០/៩៤៦ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។

៧-ឧកញ៉ា លី ប៉ោយូ អគ្គនាយកកាស៊ីណូពិភពថ្មី ទទួលបានចំណែកផ្ទៃដីទំហំ ៣៨ ៨៥៦ម៉ែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក លី ប៉ោយូ ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/៣៥៧ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៦ ។

៨-លោក ឃុន ទី ទទួលបានចំណែកផ្ទៃដីទំហំ ២ ៥២៨ម៉ែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
៩-លោកជំទាវ លាង វួចឆេង ភរិយារបស់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានចំណែកផ្ទៃដីទំហំ ៣៩ ៥៧០ម៉ែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
១០-ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ទទួលបានចំណែកផ្ទៃដីទំហំ ៦៥ ៧២០ម៉ែត្រក្រឡា ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។ លោកជំទាវ អ៊ឹង ស៊ីស្រ៊ន ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៧/៥១០ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ។

១១-អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប, សហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khmer Beverages ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា, ភេសជ្ជៈប៉ូវកម្លាំង Wurkz, ទឹកបរិសុទ្ធកម្ពុជា, ទឹកក្រូច Ize… និងឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប និងជាអគ្គនាយកក្រុមហ៊ុនបុរី ប៉េង ហួត ទទួលបានចំណែកផ្ទៃដីសរុបរួមគ្នាទំហំ ១ ៩០៤ ២១១ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ជើងឯក និងសង្កាត់ដង្កោ ខណ្ឌដង្កោ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយអនុក្រឹត្យលេខ១៥៩អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។ លោក លាង ឃុន ធ្លាប់ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៦/៤០៤ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៦ និងក្រោយមកក៏ទទួលបានការផ្តល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/៩៤៧ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។ លោក ថៃ ជាហួត ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥០៨/៥០២ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ។





សរុបសេចក្តីមក គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គឺផ្ទៃបឹងជើងឯក មានទំហំសរុបចំនួន ៥២០ហិកតា ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនោះ ត្រូវបានរាជរដ្ឋាភិបាលកាត់ចេញ ធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្មជាកម្មសិទ្ធិជូនទៅស្ថាប័នរដ្ឋមួយចំនួន ក្រុមហ៊ុន ឈ្មួញជាអ្នកឧកញ៉ា-ឧកញ៉ា និងមន្ត្រីមានអំណាចគ្រាក់ៗអស់ចំនួនយ៉ាងតិច ៤ ៧០១ ៩៤២ម៉ែត្រក្រឡា (ប្រមាណជាង៤៧០ហិកតា) បាត់ទៅហើយ ៕



