កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៣០ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈលោក សេង ប៊ុនវេង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោក សេង ប៊ុនវេង ហៅ «អាចារ្យអេ» ត្រូវបានគេស្គាល់ថា ជាអគ្គនាយកវិទ្យុ អេប៊ីស៊ី កម្ពុជា ១០៧.៥មេហ្គាហឺត ដែលផ្សព្វផ្សាយព័ត៌មានលំអៀងទៅរកនិន្នាការគណបក្សប្រជាជនកម្ពុជា (CPP) ជាគណបក្សនយោបាយកាន់កាប់អំណាចនៅកម្ពុជា ។


«អាចារ្យអេ» ធ្លាប់ត្រូវបានលោក ហូរ វ៉ាន់ តំណាងឲ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៣ ដោយប្តឹងចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើមេដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ។

ទោះយ៉ាងណាក៏ដោយ ពាក្យបណ្តឹងរបស់អតីតគណបក្សសង្គ្រោះជាតិនោះ មិនអាចចាត់ការទៅលើលោក សេង ប៊ុនវេង ហៅ «អាចារ្យអេ» បានឡើយ ហើយរឹតតែធ្វើឲ្យ «អាចារ្យអេ» បានឱកាស «ឡើងកូដ» ថែមទៀត ក្រោមការបីបាច់ជ្រោមជ្រែងដោយគណបក្សប្រជាជនកម្ពុជា ៕

