សារព័ត៌មាន Tass របស់រុស្ស៊ីដោយដកស្រង់សេចក្តីថ្លែងការណ៍របស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះឲ្យដឹងថា ទីក្រុង Moscow រំពឹងថា ចំណាត់ការរបស់សហភាពអឺរ៉ុប (EU) នឹងជួយសម្រួលនៅក្នុងវិស័យសន្តិសុខស្បៀងសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ីដោយគ្មានការរារាំង ។

វិធានការរារាំងការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ីទៅកាន់ទីផ្សារសហភាពអឺរ៉ុប គឺស្ថិតនៅក្នុងកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ដែលបាន និងកំពុងបង្កសង្គ្រាមទៅលើប្រទេសអ៊ុយក្រែន ។

អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ីបានរិះគន់ចំពោះវិធានការកញ្ចប់ទណ្ឌកម្មទី៧របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ដោយចាត់ទុកថា គឺជាអំពើគេចវេះរបស់សហភាពអឺរ៉ុបចំពោះការទទួលខុសត្រូវលើវិបត្តិស្បៀងអាហារ និងថាមពលរបស់ពិភពលោក ខណៈគោលនយោបាយសេដ្ឋកិច្ច និងថាមពលរបស់ប្រទេសលោកខាងលិច គឺជាមូលហេតុចម្បងនៃការកើនឡើងតម្លៃផលិតផលកសិកម្ម និងថាមពលជាសកល ដែលបង្កវិបត្តិបន្ថែមពីលើបញ្ហាជំងឺកូវីដ-១៩ (COVID-19) ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០២២នេះឲ្យដឹងដែរថា បំពង់បង្ហូរឧស្ម័ន Nord Streem-1 របស់រុស្ស៊ីបានចាប់ផ្តើមដំណើរការទៅកាន់ទីផ្សារសហភាពអឺរ៉ុបឡើងវិញហើយ បន្ទាប់ពីបានផ្អាកដំណើរការក្រោមសម្ពាធទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ខណៈកាលពីឆ្នាំ២០២១កន្លងទៅ រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ទីផ្សារសហភាពអឺរ៉ុបរហូតដល់ទៅប្រមាណ៤០% ៕
