ឈានចូលមកដល់ឆ្នាំ២០២២នេះ ពោលគឺក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនយូរប៉ុន្មាន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ជាប្រមុខ បានតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីសុំការអនុម័តពីរដ្ឋសភា ដែលមានអាសនៈមកពីគណបក្សប្រជាជនកម្ពុជា ទាំង១២៥អាសនៈតែម្តង ។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។

ក្រោយរយៈពេលមួយថ្ងៃនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សានោះ គឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ គណបក្សនយោបាយចំនួន៤ រួមមាន ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចធ្វើញត្តិរួមគ្នាគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានដាក់ជូនទៅរដ្ឋសភានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ។


ញត្តិរួមគ្នារបស់គណបក្សនយោបាយទាំង៤ ដែលបានប្រកាសជំហរមិនគាំទ្រ និងស្នើសុំរដ្ឋសភាកុំយកសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះមកអនុម័ត ដោយបានលើកឡើងអំពីផលវិបាកមួយចំនួន ដូចតទៅ ៖ ១-បន្ថយអំណាចសភាជាតិ រំលងសភាជាតិក្នុងការតែងតាំងវរជននាយករដ្ឋមន្ត្រី ដោយផ្តល់សិទ្ធិអំណាចទៅគណបក្សនយោបាយ (ដែលជាស្ថាប័នក្រៅសភាជាតិ) ធ្វើសេចក្តីស្នើដោយផ្ទាល់ទូលថ្វាយព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ។ ការណ៍នេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់របបសភានិយម ។ ២-មិនគោរពគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហបក្ស ដោយបំបាត់សំឡេងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដែលព្រមព្រៀងគ្នាដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ ។ ៣-បន្ថយសិទ្ធិអំណាច និងតួនាទីអ្នកតំណាងរាស្ត្រ ដោយសារការបង្កើនចំនួនតំណាងរាស្ត្រក្នុងការធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាល ពីសាមសិប ទៅមួយភាគបី (៨២) ។

ដោយឡែក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (CWC) ក៏បានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ អំពាវនាវដល់រាជរដ្ឋាភិបាល រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ លុបចោលនូវគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះជាបន្ទាន់ ។

គួរបញ្ជាក់ជូនដែរថា ចាប់តាំងពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដាក់ប្រកាសឲ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣មក ត្រូវបានធ្វើវិសោធនកម្មចំនួន៩លើករួចមកហើយៗ ការប៉ុនប៉ងធ្វើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ នេះគឺជាការធ្វើវិសោធនកម្មលើកទី១០ ជាអាទិ៍ ៖







លើកទី១ ៖ ច្បាប់ស្តីពីការកែប្រែមាត្រា២៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ។
លើកទី២ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និងមាត្រាទាំងឡាយនៃជំពូកទី៨ ដល់ជំពូកទី១៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩៩ ។
លើកទី៣ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ និងមាត្រា២៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១ ។
លើកទី៤ ៖ ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ។
លើកទី៥ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៨៨ និងមាត្រា១១១ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ។
លើកទី៦ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា៩០ថ្មី មាត្រា៩៨ មាត្រា១០៦ថ្មី មាត្រា១១១ថ្មី (មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ។
លើកទី៧ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ។
លើកទី៨ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ។
លើកទី៩ ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ៕