របាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ៧ ៩៨០,៥៧ ប៊ីលានរៀល (ប្រមាណ ១ ៩៧០,៥១លានដុល្លារអាមេរិក) ស្មើនឹង ៦៩,៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ។ ចំណូលពន្ធ-អាករ រយៈពេល០៦ខែ ឆ្នាំ២០២២នេះ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១កន្លងទៅ គឺមានការកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណ ៤៥២,៧៤លានដុល្លារអាមេរិក) ស្មើនឹង ២៩,៨៧% ។

ចំណូលពីប្រភេទពន្ធសំខាន់ៗក្នុងឆមាសទី១ ឆ្នាំ២០២២ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ រួមមាន ៖ ពន្ធលើប្រាក់ចំណូល ២៧,១៩% អាករលើតម្លៃបន្ថែម ៣៣,៣៧% ពន្ធលើប្រាក់បៀវត្សរ៍ ២៥,១៦% អាករពិសេស ៣៤,០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២% ៕