ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ប្រយ័ត្ន​អស់​ដី​អូរ​-​ប្រឡាយ​របស់​រដ្ឋ ! ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី (​ដន​ស​) គួរ​ត្រួត​ពិនិត្យមើល​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ប្លង់គោល​ប្រើប្រាស់​ដី​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ផង

​កន្លងមក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដន​ស​) និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ ធ្លាប់​បានចេញ​លិខិតផ្លូវការ​មួយច្បាប់​លេខ ១២៨២​ដន​ស​/​អសដ​ភ ចុះ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ ជម្រាបជូន​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​មានការ​លុប​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​រៀបចំ​ជាថ្មី​ឡើងវិញ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល ដោយ​ធ្វើ​តាមតែ​លំនាំ​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់ ។

​ការណ៍​ដែល​ក្រសួង ដន​ស ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តកណ្តាល​លុប​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ផែនដី​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្លង់គោល​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ដូច្នេះ គឺ​ដោយសារ​ក្រសួង ដន​ស ពិនិត្យឃើញថា គម្រោង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ថ្មី​នេះ​មាន​លក្ខណៈ​មិនទាន់​សមស្រប ពុំបាន​សិក្សា​ស៊ីជម្រៅ​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង ។

​តាម​ការកត់សម្គាល់​បានបង្ហាញ​ឲ្យ​ឃើញថា ដីធ្លី​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ដែលមាន​ប្រវត្តិ​ស្ថានភាព​ដើម​ជាក់ស្តែង​ជា​ដី​អូរ​-​ប្រឡាយ​ធម្មជាតិ​របស់​រដ្ឋ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ត្រូវបាន​អាជ្ញាធរ​រៀបចំ​ចាត់ចែង​ចុះបញ្ជី​ជា​ដីធ្លី​ទ្រព្យសម្បត្តិ​ឯកជន​ហូរហែ​ហើយ ក្រោមរូបភាព​ប្រព័ន្ធ «​រដ្ឋបាល​អ​ច្ច​រិ​យៈ​» គឺ​ប្រជារាស្ត្រ​សុំ​ចុះបញ្ជី​ដីធ្លី​ដោយ​ដាក់ពាក្យ​គោរព​ជូនទៅ​ចៅហ្វាយខេត្ត​ត្រង់​ផ្ទាល់​តែម្តង (​សូម​អាន​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន ដើមត្នោត នា​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ បន្ថែម​)

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចំពោះ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ដន​ស និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ មេត្តា​តាមដាន និង​ត្រួត​ពិនិត្យមើល​ដំណើរការ​អនុវត្ត​ស្មារតី​លិខិត​លេខ ១២៨២​ដន​ស​/​អសដ​ភ ចុះ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​របស់​ក្រសួង ដន​ស ដោយ​រដ្ឋបាល​ខេត្តកណ្តាល ដែលមាន​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ជា​អភិបាល នៃ​គណៈ​អភិបាល នោះ​ផង ពីព្រោះ​ប្រសិនបើ​ដី​អូរ​-​ប្រឡាយ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ក្លាយទៅជា​ទ្រព្យសម្បត្តិ​ឯកជន​ហូរហែ​ឥតឈប់ឈរ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ក្នុង​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្លង់គោល​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ក៏មាន​ការប្រែប្រួល​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជា​បណ្តើរៗ​ដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.