ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ធ្វើ​ច្បាប់​ផ្ទុយ​រដ្ឋធម្មនុញ្ញ ? តំណែង​រដ្ឋលេខាធិការ​រាប់រយ​នាក់ លែង​ជា​សមាជិក​រាជរដ្ឋាភិបាល ដ៏​គួរ​ឲ្យ​កម្សត់​

​មាត្រា​១១៨​ថ្មី (​មាត្រា​៩៩​ចាស់​) នៃ​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា ១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និង​មាត្រា​ទាំងឡាយ​នៃ​ជំពូក​ទី​៨ ដល់​ជំពូក​ទី​១៤ នៃ​រដ្ឋធម្មនុញ្ញ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៣៩៩/០១ ចុះ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​១៩៩៩ បាន​ចែងថា «​គណៈរដ្ឋមន្ត្រី ជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គណៈរដ្ឋមន្ត្រី ត្រូវបាន​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយរូប អមដោយ​ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ជា​សមាជិក ។​» ។

​មាត្រា​១៥២​ថ្មី (​ពីរ មាត្រា​១៥០​ថ្មី​) នៃ​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១០១៤/០២២ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ បាន​ចែងថា «​រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ច្បាប់ និងសេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ជាដាច់ខាត ។​» ។​

​បន្ទាប់ពី​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣​រួចមក ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ត្រូវបាន​បង្កើតឡើង ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ០២/​នស​/៩៤ ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៩៤ មាន​៥​ជំពូក និង​៣៥​មាត្រា ។

​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ដែល​ប្រកាស​ឲ្យ​ប្រើ​នៅ​ឆ្នាំ​១៩៩៤​នោះបាន​ចែងថា «​សមាសភាព​នៃ​រាជរដ្ឋាភិបាល មាន ៖ -​នាយករដ្ឋមន្ត្រី -​ឧបនាយករដ្ឋមន្ត្រី -​ទេសរដ្ឋមន្ត្រី -​រដ្ឋមន្ត្រី -​រដ្ឋលេខាធិការ ។ » ។

​លុះ​ឈាន​មកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៨ នៅក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ក៏បាន​បង្កើត​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​គណៈរដ្ឋមន្ត្រី ថ្មី​មួយ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦១៨/០១២ ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ មាន​៩​ជំពូក និង​៥៩​មាត្រា ។ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ឆ្នាំ​២០១៨​នេះ គឺ​បាន​និរាករណ៍​នូវ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ឆ្នាំ​១៩៩៤, ច្បាប់​ស្តីពី​ការបង្កើត​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/០៩ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៩៦ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៨ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦១៣/០១២ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៣ ហើយ​ត្រូវ​ជំនួស​ដោយ​ច្បាប់​នេះ ។

​មាត្រា​៨ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ឆ្នាំ​២០១៨ បាន​ចែងថា «​សមាសភាព​នៃ​រាជរដ្ឋាភិបាល មាន ៖ -​នាយករដ្ឋមន្ត្រី -​ឧបនាយករដ្ឋមន្ត្រី -​ទេសរដ្ឋមន្ត្រី -​រដ្ឋមន្ត្រី ។​» ។

​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​លទ្ធផល​ទទួលបាន គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) កាន់កាប់​អាសនៈ​សរុប​ទាំង​១២៥​អាសនៈ​នោះ​រួចមក រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ក៏បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩១៨/៩២៥ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​អនុលោម​តាម​បញ្ញត្តិ មាត្រា​៨ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ឆ្នាំ​២០១៨ គឺ​មុខតំណែង​ថ្នាក់​រដ្ឋលេខាធិការ ដែលមាន​ចំនួន​រាប់រយ​នាក់​នោះ មិនមែនជា​សមាជិក​រា​ជ​រដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ឡើយ ។

​ការកត់សម្គាល់​បាន​បង្ហាញថា ក្រៅពី​តំណែង​ឧបនាយករដ្ឋមន្ត្រី មាន​រហូតដល់​ទៅ​១០​នាក់​, ទេសរដ្ឋមន្ត្រី យ៉ាងតិច​១៨​នាក់ និង​រដ្ឋមន្ត្រី​ប្រចាំ​ក្រសួង -​ស្ថាប័ន ដ៏​ច្រើន​នាក់​ទៀត​នោះ គឺ​បន្ទាប់ពី​តំណែង​រដ្ឋលេខាធិការ​លែង​ត្រូវបាន​ចាត់ទុកជា​សមាជិក​រាជរដ្ឋាភិបាល បែរជា​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មានការ​កើនឡើង​ខ្លាំង​រហូតដល់​យ៉ាងតិច​៣០​នាក់ នៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម និង​កិច្ចការ​ច្បាប់​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ការតាក់តែង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ឆ្នាំ​២០១៨ នៅត្រង់​មាត្រា​៨ ស្តីពី​សមាសភាព​នៃ​រាជរដ្ឋាភិបាល​នោះ គឺមាន​ចរិត​ខ្លឹមសារ​ផ្ទុយទៅនឹង​មាត្រា​១១៨​ថ្មី (​មាត្រា​៩៩​ចាស់​) នៃ​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា ១១ ១២ ១៣ ១៨ ២២ ២៤ ២៦ ២៨ ៣០ ៣៤ ៥១ ៩០ ៩១ ៩៣ និង​មាត្រា​ទាំងឡាយ​នៃ​ជំពូក​ទី​៨ ដល់​ជំពូក​ទី​១៤ នៃ​រដ្ឋធម្មនុញ្ញ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៣៩៩/០១ ចុះ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​១៩៩៩ ហើយក៏​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​នៃ​ការតាក់តែង​ច្បាប់ «​តាមតែ​អំពើ​ចិត្ត​» ដែល​ត្រូវ​និរាករណ៍​ចោល​តាម​បញ្ញត្តិ​មាត្រា​១៥២​ថ្មី (​ពីរ មាត្រា​១៥០​ថ្មី​) នៃ​ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១០១៤/០២២ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ ៕

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.