ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​កំពូល​មនុស្ស​មានទ្រព្យ និង​មានចិត្ត ! មហាសេដ្ឋី Bill Gates ប្រកាស​បរិច្ចាគ​ទ្រព្យសម្បត្តិ​ចំនួន​២០​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​បញ្ហា​ធំៗ​ជាច្រើន​ទៀត​

​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក គឺ​លោក Bill Gates បានប្រកាស​ពី​ការបរិច្ចាគ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក​ដល់​ទៅ​ចំនួន ២០​ពាន់​លាន​ដុល្លារ​អាមេរិក ចូលទៅក្នុង​មូលនិធិ Bill & Melinda Gates ដោយ​ផ្តោត​ជា​ចម្បង​លើ​ការផ្តល់​សប្បុរសធម៌​ដែលមាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​សកល សមភាព​យេនឌ័រ ការប្រែប្រួល​អាកាសធាតុ ការអប់រំ រួមទាំង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែលជា​បញ្ហា​របស់​ពិភពលោក​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន ។

​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft គឺ​លោក Bill Gates និង​អតីត​ភរិយា​របស់លោក គឺ​លោកស្រី Melinda French Gates បាន​សន្យាថា នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់គាត់​ដល់​មូលនិធិ​ដែល​គាត់​បាន​បង្កើតឡើង​រួមគ្នា​កាលពី​អំឡុង​២០​ឆ្នាំមុន ខណៈ​មូលនិធិ Bill & Melinda Gates Foundation បាន​បើក​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​២០០០ ដោយ​បម្រើការ​ជា​អង្គការ​សប្បុរសធម៌​ដ៏​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក ។

​កំពូល​មហាសេដ្ឋី​លំដាប់​ពិភពលោក​រូបនេះ​បាន​លើកឡើងថា «​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​មាន​គម្រោង​ផ្តល់​ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់​របស់ខ្ញុំ​ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌​…​ខ្ញុំ​នឹង​ចុះ​ចេញពី​បញ្ជី​ជា​កំពូល​អ្នកមាន​បំផុត​របស់​ពិភពលោក​…​ខ្ញុំ​មាន​កាតព្វកិច្ច​ប្រគល់​ធនធាន​របស់ខ្ញុំ​ទៅកាន់​សង្គម​វិញ ដើម្បី​ឲ្យ​កើតជា​ផលប្រយោជន៍ និង​តាមរបៀប​ដែល​អាច​ឲ្យ​ការរស់នៅ​របស់​មនុស្ស​ល្អប្រសើរ​ជាង​មុន ។ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សង្ឃឹមថា អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​នានា នឹង​នៅតែ​ជួយ​សង្គម​បន្តទៀត ។​» ។

​លោក Bill Gates អាយុ​៦៦​ឆ្នាំ ជា​អ្នកជំនួញ​អាមេរិកាំង​ដ៏​ល្បីឈ្មោះ មានទ្រព្យ​សម្បត្តិ​ចំនួន​ប្រមាណ​១២៩​លាន​ដុល្លារ​អាមេរិក ជា​កំពូល​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​អាមេរិក ជាប់​លំដាប់ថ្នាក់​លេខ​៣​នៅ​សហរដ្ឋអាមេរិក និង​ជាប់​លំដាប់ថ្នាក់​លេខ​៤​នៅលើ​ពិភពលោក ។ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​កំពូល​ម​ហា​សេដ្ឋី Bill Gates គឺមាន​ទំនាក់ទំនង​ជាមួយ​ភាគហ៊ុន នៃ​ក្រុមហ៊ុន Microsoft (​យោងតាម​ប្រភព​របស់​ទស្សនា​វ​ដ្តី Forbes គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២២) ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.