សារព័ត៌មាន Nikkei Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ដោយដកស្រង់ពីប្រភពបញ្ជាក់របស់អង្គការសាសនាឈ្មោះ Unification Church កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ឲ្យដឹងថា ម្តាយរបស់បុរសជនសង្ស័យជាឃាតកដែលបាញ់សម្លាប់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន បណ្តាលឲ្យទទួលមរណភាពនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុននោះ គឺជាសមាជិការបស់អង្គការសាសនា Unification Church ហើយបានបរិច្ចាគថវិកាជួយដល់អង្គការសាសនាមួយនេះប្រមាណ១០០លានយេន (លុយជប៉ុន) ឬស្មើនឹងប្រមាណ ៧២០ ០០០ដុល្លារអាមេរិក ។

លោក Tomihiro Tanaka ប្រធានសហព័ន្ធ Family Federation for World Peace and Unification ដែលហៅថាអង្គការ Unification Church សាខានៅប្រទេសជប៉ុន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅប្រទេសជប៉ុនឲ្យដឹងថា ម្តាយរបស់បុរសឈ្មោះ Yamagami Tetsuya ដែលជាជនសង្ស័យក្នុងសំណុំរឿងឃាតកម្មលើលោក Shinzo Abe គឺជាសមាជិកាអង្គការសាសនា Unification Church ហើយបានជួយបរិច្ចាគថវិកាដល់អង្គការសាសនានេះផងដែរ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យជាឃាតកដៃឆៅឈ្មោះ Yamagami Tetsuya អាយុ៤១ឆ្នាំ អតីតជាសមាជិកកងម្លាំងស្វ័យការពារជប៉ុន (កងទ័ពជើងទឹក) ប្រាប់ទៅសមត្ថកិច្ចប៉ូលិសឲ្យដឹងថា ម្តាយរបស់ខ្លួនបានចំណាយប្រាក់ទៅឲ្យអង្គការសាសនាមួយដែលគាំទ្រជ្រោមជ្រែងផ្សព្វផ្សាយដោយលោកអតីតនាយករដ្ឋមន្ត្រី Shinzo Abe រហូតក្ស័យធន់អស់ប្រាក់ពីខ្លួន ហើយក៏បានជំរុញឲ្យខ្លួនមានកំហឹងតាមប៉ងសម្លាប់លោក Shinzo Abe ។

អង្គការសាសនាឈ្មោះ Unification Church គឺបានបង្កើតឡើងនៅប្រទេសកូរ៉េខាងត្បូង ដោយលោក Sun Myung Moon ជាស្ថាបនិកនាអំឡុងថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៤ ក្នុងគោលបំណងប្រឆាំងនឹងលទ្ធិកុម្មុយនិស្តផ្តាច់ការ ។ អង្គការសាសនានេះ បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកនយោបាយជប៉ុនជាច្រើននាក់ ចាប់តាំងពីអំឡុងឆ្នាំ១៩៦០មក ។ លោក Sun Myung Moon បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ នៅឆ្នាំ២០១២ ខណៈអង្គការសាសនា Unification Church មានសមាជិកប្រមាណ ៦០ម៉ឺននាក់នៅប្រទេសជប៉ុន ក្នុងចំណោមសមាជិកសរុបប្រមាណ ៣លាននាក់ ។ បច្ចុប្បន្ន អង្គការសាសនា Unification Church ត្រូវបានដឹកនាំដោយលោកស្រី Hak Ja Han អាយុ៧៩ឆ្នាំ ត្រូវជាភរិយារបស់សពលោក Sun Myung Moon ៕
