ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ មហា​យក្ស​អាមេរិក និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ផ្លូវអាកាស​រួមគ្នា ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35

​សារព័ត៌មាន The Korea Herald ដោយ​ដកស្រង់​ពី​ប្រភព​យោធា​កូរ៉េខាងត្បូង ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា ក្រុម​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35A របស់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ទើបតែ​បានធ្វើ​សមយុទ្ធ​ផ្លូវអាកាស​រួមគ្នា​ជា​លើកដំបូង​លើ​ដែនអាកាស​ឧបទ្វីប​កូរ៉េ ស្រប​ពេលដែល​សម្ព័ន្ធមិត្ត​ប្រទេស​ទាំងពីរ​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព​នៃ​ការធ្វើ​ប្រតិបត្តិការ ក៏ដូចជា​ពង្រឹង​ជំហរ​ការពារជាតិ​រួមគ្នា ចំពោះមុខ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ។

​យោធា​កូរ៉េខាងត្បូង​ បានប្រកាស​ឲ្យ​ដឹងថា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ដោយមាន​ការចូលរួម​ពី​ក្រុម​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ ធុន F-35A នៅលើ​ដែនអាកាស​ឧបទ្វីប​កូរ៉េ ចាប់តាំងពី​ថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺមាន​រយៈពេល​ ០៤​ថ្ងៃ ។ ក្រៅពី​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35A ចំនួន​០៦​គ្រឿង ដែល​ទើប​បញ្ជូន​ពី​សហរដ្ឋអាមេរិក​មក​កាន់​កូរ៉េខាងត្បូង គឺមាន​យន្តហោះ​ចម្បាំង​៤​ប្រភេទ​ទៀត​សរុប​ចំនួន​៣០​គ្រឿង បាន​ចូលរួម​ការធ្វើ​សមយុទ្ធ​នេះ រួមមាន យន្តហោះ​ចម្បាំង​ធុន F-15K, F-16, FA-50 និង KF-16 ។

​នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​១​ហើយ ដែល​ក្រុម​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35A របស់​ប្រទេស​ទាំងពីរ​បានធ្វើ​សមយុទ្ធ​រួមគ្នា​ចាប់តាំងពី​ដំណើរការ​ប្រគល់​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន F-35A ចំនួន ​៤០​គ្រឿង ពី​សហរដ្ឋអាមេរិក មកកាន់​កូរ៉េខាងត្បូង បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​កាលពី​ខែមករា ដើមឆ្នាំ​២០២២​កន្លងទៅ ។

​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35A គឺជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥​ របស់សហ​រដ្ឋ​អាមេរិក ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin រយៈពេល​១៥​ឆ្នាំ​មកហើយៗ​ចំនួន​ផលិត​មកទល់​បច្ចុប្បន្ន​នេះ​ អាចមាន​ប្រមាណ​ ៨២០​គ្រឿង ។ យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន F-35A នេះ​អាច​ហោះហើរ​ក្នុង​ល្បឿន​រហូតដល់ ១ ៩៦០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង ដែល​អាច​បំពាក់​ដោយ​អាវុធ​មី​ស៊ី​ល​វាយប្រហារ​លើ​ដែនអាកាស និង​គ្រាប់បែក​ដែលមាន​ប្រព័ន្ធ​នាំ​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.