យោងតាមរបាយការណ៍លើកឡើងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងលើការលក់លេខចុះបញ្ជីរថយន្ត នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២បានឲ្យដឹងថា ត្រឹមរយៈពេល០៦ខែ ឆ្នាំ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន (លេខ កម្ពុជា) និងស្លាកលេខពិសេស (រាជធានី ខេត្ត) មានការកើនឡើងចំនួន២៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១កន្លងទៅ ពោលគឺរកចំណូលសរុបបានប្រមាណ១០លានដុល្លារអាមេរិក ។

របាយការណ៍បានឲ្យដឹងដែរថា រយៈពេល០៦ខែ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ស្លាកលេខពិសេសផ្ទាល់ខ្លួន (លេខ កម្ពុជា) និងស្លាកលេខពិសេស (រាជធានី ខេត្ត) បានចំនួនសរុប ១៩ ៧៦៦ស្លាកលេខ និងទទួលបានចំណូលសរុបប្រមាណ ៤០ ៦៤១ ១៨៧ ៤០០រៀល (ប្រមាណ១០លានដុល្លារអាមេរិក) ដែលក្នុងនោះ ស្លាកលេខពិសេសផ្ទាល់ខ្លួន (លេខ កម្ពុជា) ចំនួន ៣ ២៧១ស្លាកលេខ (បានចំណូល ២១ ៣៦៥ ៤០៧ ០០០រៀល) និងស្លាកលេខពិសេស (រាជធានី ខេត្ត) ចំនួន ១៦ ៤៩៥ស្លាកលេខ (បានចំណូល ១៩ ២៧៥ ៧៨០ ៤០០រៀល) ។ ការលក់ស្លាកលេខរថយន្តប្រភេទពិសេសនេះ សម្រាប់ឆមាសទី១ ឆ្នាំ២០២២ មានការកើនឡើងចំនួន ២៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១កន្លងទៅ ។

ដំណើរការនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី គឺបានអនុវត្តតាមស្មារតីនៃប្រកាសអន្តរក្រសួងលេខ ១៤៦០សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ៕
