ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​ឃាតកម្ម​លើ​ឧកញ៉ា ដ៏​កក្រើក​ជិត​៨​ឆ្នាំមុន ! ជនជាប់ចោទ​ជា​ឧកញ៉ា និង​ជា​ចៅហ្វាយ បាន​រួចខ្លួន តែ​អង្គរក្ស​ត្រូវ​ជាប់គុក​អស់​មួយជីវិត​

​អំពើ​ឃាតកម្ម​ផ្តាច់ជីវិត​ភ្លាមៗ​ទៅលើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច សេង សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​កក្រើក​នៅក្រោយពេល​កើតហេតុ​ភ្លាមៗ ឬ​ប្រមាណ​០១​ខែ ទៅ​០២​ខែ​ក្រោយពេល​កើតហេតុ ពីព្រោះ​មុខសញ្ញា​ជនសង្ស័យ​ជា​មេខ្លោង​នៅ​ពី​ក្រោយខ្នង​ឃាតក និង​ជនឃាត​កដៃ​ដល់ គឺមាន​ការពាក់ព័ន្ធ​នឹង​ឧកញ៉ា ថោង សារ៉ាត់ ដែលជា​នាយទាហាន​ពាក់​ផ្កាយ​២ ផង ជា​អគ្គនាយក​ក្រុមហ៊ុន Meanchey International Investment និង​ក្រុមហ៊ុន បុរី​៩៩៩ ផង និង​ក្រុម​អង្គរក្ស​របស់​ឧកញ៉ា ថោង សារ៉ាត់ ។

​សមត្ថកិច្ច​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ក្រុម​អង្គរក្ស​របស់​ឧកញ៉ា ថោង សារ៉ាត់ ចាប់តាំងពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៤ លើកលែងតែ​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា ថោង សារ៉ាត់ មិនទាន់​ត្រូវបាន​ឃាត់ខ្លួន​ទេ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។

​លុះដល់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បង្គាប់​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​សាធារណៈ​ស្វែងរក​ចាប់ខ្លួន​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ បន្ទាប់ពី​រត់គេចខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​០៤​ខែ​មក គឺ​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៥ ទើប​ឧកញ៉ា ថោង សារ៉ាត់ បាន​ចូលខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាប់​តាម​សម្រួល និង​ក៏​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រ នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ។

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នេះដែរ ឧកញ៉ា ថោង សារ៉ាត់ ក៏​ទទួលរង​ការចោទប្រកាន់​ពីបទ រក្សាទុក​អាវុធ​ខុសច្បាប់ មួយ​ករណី​ថែមទៀត ។ លើសពីនេះ ឪពុក​របស់​ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ ថោង ចំរើន ហៅ «​មិន​» និង​ម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ កែវ សារី ហៅ «​ហាយ​» (​ម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៤៣១៧២ ឋានន្តរស័ក្តិ​វរសេនីយ៍ទោ និង​ជាទី​ប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​) ក៏ត្រូវ​បានទទួល​រង​ការចោទប្រកាន់​ពីបទ រក្សាទុក​អាវុធ​ខុសច្បាប់ ផងដែរ ។

​ក្រោយ​ការជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​០៤​ខែ​មក ឧកញ៉ា ថោង សារ៉ាត់ និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០១១៨៧ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដែលជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជី ក៏​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ វិញ​ជា​ស្ថាពរ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១៥/៨៨៥ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ។

​ក្នុង​សំណុំ​រឿងក្តី​ក្រោម​ការចោទប្រកាន់​ពីបទ រក្សាទុក​អាវុធ​ខុសច្បាប់ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ ០៦​ខែ ខណៈ​ឪពុក​-​ម្តាយ​របស់ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ ។

​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ឧកញ៉ា ថោង សារ៉ាត់ និង​បុរស​ឈ្មោះ សៀង វាសនា ជា​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ ព្រមទាំង​បុរស​ចំនួន​៣​នាក់​ទៀត ដាក់ពន្ធនាគារ​កំណត់​អស់​មួយជីវិត​ក្នុង​ម្នាក់ៗ និង​បង្គាប់​ឲ្យ​ក្រុម​ជនជាប់ចោទ​ទាំង​៥​នាក់​នេះ រួមគ្នា​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ភរិយា​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ជាដើម​បណ្តឹងរដ្ឋប្បវេណី ពីបទ ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​, អំពើ​ឃាតកម្ម​គិតទុក​ជាមុន និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ។

​ពេល​សំណុំ​រឿងក្តី​មកដល់​សាលាឧទ្ធរណ៍​ភ្នំពេញ ក៏​ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រេច​ឲ្យ​ឧកញ៉ា ថោង សារ៉ាត់ និង​បុរស​៣​នាក់​ទៀត ទទួលបាន​នូវ​សេរីភាព​ឡើងវិញ លើកលែងតែ​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា ជា​អង្គរក្ស​ឧកញ៉ា ថោង សារ៉ាត់ រក្សា​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ដដែល ពីបទ អំពើ​ឃាតកម្ម​គិតទុក​ជាមុន (Sic!) ។​

​លុះ​មកដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ជំនុំ​ជម្រុះ​តុលាការ​កំពូល ក៏បាន​ប្រកាស​សាលដីកា​សម្រេចការ​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា ដាក់ពន្ធនាគារ​អស់​មួយជីវិត​ដដែល (Resic!) ។​

​មានន័យថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ជិត​៨​ឆ្នាំមុន​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជី គឺ​ឧកញ៉ា ថោង សារ៉ាត់ ជា​ចៅហ្វាយនាយ​បាន​រួចខ្លួន​មាន​សេរីភាព បន្ទាប់ពី​ជាប់ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជាង​៥​ឆ្នាំ ប៉ុន្តែ​អង្គរក្ស​ផ្ទាល់ ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ។

​លោក ថោង សារ៉ាត់ ហៅ «​ប៊ិន​ទឹង​» អគ្គនាយក​ក្រុមហ៊ុន Meanchey International Investment និង​ក្រុមហ៊ុន បុរី​៩៩៩ ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១០១/៤៣៦ ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០១ ។ ក្រៅពី​មាន​ងារ​ជា ឧកញ៉ា គឺ​ឧកញ៉ា ថោង សារ៉ាត់ ក៏​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០១១៨៧ ម្នាក់​ដែរ ដោយមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ។ ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍ ថោង សារ៉ាត់ ក៏​ធ្លាប់​បានទទួល​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង (​អតីត​ឯកឧត្តម ស ខេង ) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់ ផងដែរ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១១/៧១៩ ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១១ ពោលគឺ​ទទួលបាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍ ថោង សារ៉ាត់​» ។ ប៉ុន្តែ ឈាន​មកដល់​អំឡុង​ឆ្នាំ​២០១៥ ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ទោ ថោង សារ៉ាត់ ក៏​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១៥/៨៨៥ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ បន្ទាប់ពី​មានការ​ពាក់​ព្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជី រួចមក ។

​កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ ឧកញ៉ា ថោង សារ៉ាត់ និង​ភរិយា បាន​បរិច្ចាគ​ថវិកា​ចំនួន ៥០ ០០០ (​ប្រាំ​ម៉ឺន​) ដុល្លារ​អាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​កិច្ច​គាំទ្រ​ដល់​ដំណើរការ​នៃ​សកម្មភាព​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើលិខិត​ថ្លែងអំណរគុណ​ជា​ផ្លូវ​ការជូន​ចំពោះ​ឧកញ៉ា ថោង សារ៉ាត់ ផងដែរ ។

​ដោយឡែក លោក អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ស៊ីម៉ងត៍ សញ្ញា​ត្បូង​ពេជ្រ ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៩/១០២៤ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០០៩ ។ ប៉ុន្តែ​ជា​អកុសល ឧកញ៉ា អ៊ឹង ម៉េង​ជឺ ក៏​ទទួលមរណភាព​ដោយ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.