បុរសខ្មាន់កាំភ្លើងដៃឆៅដែលជាជនសង្ស័យក្នុងអំពើបាញ់ប្រហារទៅលើលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅពេលលោកថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន រហូតដល់បណ្តាលឲ្យទទួលមរណភាពក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ គឺមានឈ្មោះ Yamagami Tetsuya អាយុ៤១ឆ្នាំ ជាអតីតសមាជិកកងម្លាំងស្វ័យការពារជប៉ុន និងបច្ចុប្បន្នគ្មានការងារធ្វើ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ពីប្រភពរបស់ប៉ូលិសបានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ឲ្យដឹងថា ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា ខ្លួនមានកំហឹង និងមានគំនិតតាមប៉ងសម្លាប់លោក Shinzo Abe ដោយសារតែលោក Shinzo Abe មានទំនាក់ទំនង និងជ្រោមជ្រែងដល់អង្គការសាសនាមួយ ដែលនាំឲ្យម្តាយរបស់ខ្លួនត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ចឈានទៅក្ស័យធន ។ ប៉ុន្តែ ទោះយ៉ាងណាប៉ូលិសមិនបានបង្ហើបប្រាប់ឲ្យដឹងអំពីឈ្មោះរបស់អង្គការសាសនានោះឡើយ ។

អាវុធដែលជនសង្ស័យជាឃាតកឈ្មោះ Yamagami Tetsuya យកមកប្រើប្រាស់ជាមធ្យោបាយធ្វើឃាតលោក Shinzo Abe (បាញ់ប្រហារចំនួន២គ្រាប់ពីខាងក្រោយលោក Shinzo Abe គឺ១គ្រាប់ចំបេះដូង និង១គ្រាប់ទៀតចំក) គឺជាកាំភ្លើងកែច្នៃដោយជនសង្ស័យផ្ទាល់តែម្តង ។ កាំភ្លើងកែច្នៃនោះមានប្រវែងប្រមាណ៤០សង់ទីម៉ែត្រ និងទទឹងប្រមាណ២០សង់ទីម៉ែត្រ រុំព័ទ្ធដោយស្កុតសឹងតែពេញតួកាំភ្លើង ។

ដូចតាមចម្លើយសារភាពរបស់ជនសង្ស័យជាឃាតក គឺមានកាំភ្លើងកែច្នៃជាច្រើនដើមត្រូវបានសមត្ថកិច្ចប៉ូលិសឆែកឆេររកឃើញនៅលំនៅឋានរបស់ជនសង្ស័យ ។ គ្រាប់កាំភ្លើង ត្រូវបានជនសង្ស័យទំនាក់ទំនងទិញតាមរយៈ Online ។

បណ្តាប្រិយមិត្តបណ្តាញព័ត៌មានសង្គម Facebook បាននាំគ្នាបញ្ចេញមតិយោបល់ថា កាំភ្លើងជាមធ្យោបាយធ្វើឃាតលោក Shinzo Abe នោះ ត្រូវបានជនសង្ស័យជាឃាតកកែច្នៃរបៀបបន្លំជាមួយនឹងរូបរាងកាមេរ៉ា (Camera) របស់អ្នកសារព័ត៌មាន ដើម្បីឲ្យខ្លួន (ជនសង្ស័យ) មានឱកាសបានទៅជិតមុខសញ្ញា គឺលោក Shinzo Abe ដែលខ្លួន (ជនសង្ស័យ) ប៉ងតាមសម្លាប់ ងាយស្រួលក្នុងការធ្វើសកម្មភាពវាយប្រហារ ។

លោក Shinzo Abe កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ជាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យសេរី ធ្លាប់បានកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក គឺលើកទី១ ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ និងលើកទី២ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។ លោក ទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ ដោយការធ្វើឃាតនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ៕
