បណ្តាញសារព័ត៌មានបរទេសបានផ្សព្វផ្សាយឲ្យដឹងថា ទោះបីមានការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យពេលបញ្ជូនទៅដល់មន្ទីរពេទ្យភ្លាមៗក្តី ក៏មិនអាចសង្គ្រោះអាយុជីវិតលោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនបានដែរ គឺលោកបានទទួលមរណភាពដោយការបាញ់ប្រហារនាអំឡុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសេរី នាថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣៥នាទីព្រឹក ក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។

បុរសខ្មាន់កាំភ្លើងដែលជាជនសង្ស័យក្នុងអំពើបាញ់ប្រហារទៅលើលោក Shinzo Abe នៅពេលលោកថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់់ការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុនដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនបាន គឺមានឈ្មោះ Yamagami Tetsuya អាយុ៤១ឆ្នាំ ជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន ។

នៅថ្ងៃដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូបក្នុងឋានៈជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ។


លោក Shinzo Abe អាយុ៦៧ឆ្នាំ ជាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យសេរី ធ្លាប់បានកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក គឺលើកទី១ ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ និងលើកទី២ ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ៕
