សារព័ត៌មាន NHK និងបណ្តាញសារព័ត៌មានអន្តរជាតិនានាបានផ្សព្វផ្សាយនៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះឲ្យដឹងថា លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារនាអំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ។

បណ្តាញសារព័ត៌មានបានផ្សព្វផ្សាយឲ្យដឹងថា ស្នូរគ្រាប់កាំភ្លើងបានកើតមានឡើងនៅពេលលោក Shinzo Abe កំពុងថ្លែងសុន្ទរកថា ។ ភ្លាមនោះ គេឃើញលោក Shinzo Abe មានហូរឈាមចេញពីក និងដួលសន្លប់មិនដឹងខ្លួន ខណៈបុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន ។

លោក Shinzo Abe អាយុ៦៧ឆ្នាំ ជាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យសេរី ធ្លាប់បានកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក គឺលើកទី១ ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ និងលើកទី២ ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ៕
