ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

​បន្ត​ឃុំខ្លួន​ផ្កាយ​៣​ប៉ូលិស​ អតីត​ឧកញ៉ា ! តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌួង ងៀប ដាក់ពន្ធនាគារ​

​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បន្ត​ឃុំខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក និង​ជា​អតីត​ឧកញ៉ា ឌួង ងៀប អគ្គលេខាធិការរង​ នៃ​អគ្គលេខាធិការដ្ឋាន ​ក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ដដែល បន្ទាប់ពី​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជិត​០៥​ខែ ​មកហើយ ( ​ចាប់ និង​ឃុំខ្លួន​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ ) ក្រោម​ការចោទប្រកាន់​ពីបទ ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន មាន​ទំហំ​ទឹកប្រាក់​ជាង​ ៧​លាន​ដុល្លារ​អាមេរិក ។

​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លងទៅ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីបំភ្លឺ​បញ្ជាក់​ឲ្យ​ដឹងថា ឈ្មោះ ឌួង ងៀប ត្រូវបាន​ជនជាតិ​ចិន​ចំនួន​២​នាក់ គឺ​ឈ្មោះ Chih Yu Yen និង​ឈ្មោះ Yao Ching King ដាក់ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​លក់​អចលនវត្ថុ​មួយកន្លែង ​ដែល​អ្នកទិញ​ជាដើម​បណ្តឹង ​បានប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដី​គ្រប់​ចំនួន ៧ ៣០៥ ០០០ ដុល្លារ​អាមេរិក ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែ​ជន​ត្រូវ​ចោទ​មិនមាន​ដីធ្លី​ប្រគល់​ឲ្យ​ទៅ​អ្នកទិញ​នោះឡើយ ។ មន្ត្រី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុងដំណាក់កាល​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​នេះ ឈ្មោះ ឌួង ងៀប បានចេញ​មូល​ប្ប​ទា​នប​ត្រ​ចំនួន​៣​សន្លឹក មានតម្លៃ​ទឹកប្រាក់​សរុប​ចំនួន ៧ ៣០៥ ០០០​ដុល្លារ​អាមេរិក ជូនទៅ​ដើមបណ្តឹង ប៉ុន្តែ​លុះដល់​ពេល​ដើមបណ្តឹង​ទៅ​បើកប្រាក់​នៅ​ធនាគារ ក៏ត្រូវ​បាន​ធនាគារ​បញ្ជាក់ថា មូល​ប្ប​ទា​នប​ត្រ​ទាំង​៣​សន្លឹក​នោះ ​គ្មាន​សាច់ប្រាក់​ទេ ។​

​លោក ឌួង ងៀប ដែលជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​នៅ​កម្ពុជា ​ធ្លាប់​ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៥០៨/៥៥៧ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០០៨ ។ ក្រៅពី​មាន​ងារ​ជា ឧកញ៉ា គឺ​ឧកញ៉ា ឌួង ងៀប ក៏​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ ផ្កាយ​៣ ) ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ អត្តលេខ ​០៥៥៣ ម្នាក់​ផងដែរ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ ឧកញ៉ា ឌួង ងៀប ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​ អគ្គលេខាធិការរង​ នៃ​អគ្គលេខាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ( ​ផ្កាយ​១ ) មកម្ល៉េះ ដោយ​អនុក្រឹត្យ​លេខ ​៩០៦​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ ។

​ឈានចូល​មកដល់​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌួង ងៀប ក៏ត្រូវ​បានបញ្ចប់​គោរមងារ​ជា ឧកញ៉ា វិញ ត្រឹម​រក្សា​ក្របខ័ណ្ឌ​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ នៃ​ក្រសួងមហាផ្ទៃ​ ​ដដែល ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១១៩/១៧៥១ ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.